អ្នកដែលធ្លាប់រិះគន់ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ពេលនេះដឹងកំហុសម្ដងម្នាក់
ភ្នំពេញ៖ អ្នកដែលធ្លាប់រិះគន់ការដឹកនាំរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ពេលបានចេញលិខិតសុំទោសដឹងកំហុសជាបន្តបន្ទាប់ខណៈថ្ងៃនេះលោក ឌី គន្ធា ដែលធ្លាប់ជាវាគ្មិនបកស្រាយតាមប្រព័ន្ធផ្សព្វផ្សាយបរទេសផ្សាយជាភាសាខ្មែររិះគន់ការដឹកនាំរបស់សម្ដេចតេជោពេលនេះបានដឹងកំហុស និងសុំចុះចូលជាមួយបក្សប្រជាជនផងដែរ។
លោក ឌី គន្ធា បានលើកឡើងក្នុងលិខិតមួយច្បាប់ដែលផ្ញើជូនសម្ដេចតេជោថាពេលនេះលោកដឹងខុសហើយដែលបានធ្វើការអត្ថាធិប្បាយលើប្រព័ន្ធផ្សព្វផ្សាយដែលបម្រើឱ្យក្រុមប្រឆាំងដែលមានដូចជា Cambodia Daily និងអាស៊ីសេរី។
លោកបន្ថែមថា មូលហេតុដែលលោកធ្លាក់ទៅក្នុងនយោបាយរបស់ក្រុមប្រឆាំងគឺដោយសារមិនបានសិក្សាស៊ីជម្រៅពីស្នាដៃរបស់រដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដូច្នេះចាប់ពីពេលនេះតទៅលោកសុំរួមរស់ជាមួយបក្សប្រជាជន និងប្រើប្រាស់ចំណេះដឹងដែលលោកមានដើម្បីចូលរួមកសាងសង្គមជាតិកម្ពុជាផងដែរ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍និងបានចាត់តាំងក្រុមក្រុមការងារគណបក្សខេត្តសៀមរាបរៀបចំបែបបទបញ្ជូលលោក គឺ គន្ធាចូលបក្សប្រជាជនផងដែរ។
លោក ឌី គន្ធា គឺជាអតីតមន្ត្រីក្របខ័ណ្ឌរដ្ឋនៅក្នុងនាយកដ្ឋានអភិវឌ្ឍន៍ខេត្ត រាជធានី ស្រុក ក្រុង ខ័ណ្ឌ ចំណុះ អគ្គនាយកដ្ឋានរដ្ឋបាលទូទៅ ហើយក៏ឆ្លាប់ធ្វើជាអ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់របស់អង្គការសង្គមស៊ីវិល និងទីប្រឹក្សាបច្ចេកទេសអោយគម្រោងរបស់ក្រសួងកសិកម្ម គម្រោង RACHA/GIZ និងគម្រោងរបស់ NCDD នៃក្រសួងមហាផ្ទៃផងដែរ។
លោកលេចមុខជាច្រើនក្នុងកម្មវិធីសម្ភាសន៍របស់សារព័ត៌មាន The Cambodia Daily និងអាស៊ីសេរីជាញឹកញយផងដែរ៕