ក្រសួងសុខាភិបាល៖ លោកស្រី លី អាយឡែន បានជួយកម្ពុជាច្រើនក្នុងអំឡុងវិបត្តិកូវីដ-១៩

ភ្នំពេញ៖ លោកស្រី លី អាយឡែន បានបញ្ចប់មុខតំណែងជាអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ហើយនឹងចាកចេញពីកម្ពុជានៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ទៅកាន់តំណែងថ្មីជា Assistant Director-General for UHC and Healthier Populations របស់ WHO Headquarter in Geneva។

ក្រសួងសុខាភិបាលបានលើកឡើងថា តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន បានជួយកម្ពុជាច្រើនសកម្មភាពជាពិសេសក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ក្នុងការគាំទ្របច្ចេកទេសសុខាភិបាលសម្រាប់ការអភិវឌ្ឍន៍ ផែនការត្រៀម និងឆ្លើយតបទៅនឹងការរាតត្បាតនៃវីរុសកូវីដ-១៩។

ក្រសួងសុខាភិបាលបន្តថា លោកស្រី លី អាយឡែន បានជួយដល់ការពង្រឹងសមត្ថភាព រុករកស្រាវជ្រាវរកអ្នកឆ្លង ការតាមដាន និងវាយតម្លៃហេតុការណ៍ ជាមួយនឹងការសម្របសម្រួល ជាមួយដៃគូអន្តរជាតិនានា ក្នុងនោះក៏មានការជួយសម្របសម្រួលជាមួយមជ្ឈមណ្ឌលកូវ៉ាក់ដើម្បីបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ មកប្រើប្រាស់នៅកម្ពុជាបានលឿនផងដែរ។

បើតាមក្រសួង លោកស្រី លី អាយឡែន កាលអំឡុងកូវីដ-១៩ កំពុងតែញាំញីខ្លាំង លោកស្រីបានចុះបំពេញការងារបច្ចេកទេសនៅតាមបណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេស ជាមួយលោកស្រី ឱ វណ្ណឌីន ផ្ទាល់។

ក្រសួងបានថ្លែងដូច្នេះថា៖ «ទឹកចិត្តដែលលោកស្រីវេជ្ជ បណ្ឌិត លី អាយឡែន ស្រឡាញ់កម្ពុជា បានបង្ហាញច្បាស់តាមរយ:សកម្មភាពយ៉ាងសកម្មផ្ទាល់របស់ លោកស្រី ហើយលោកស្រីតែងតែមានការកោតសរសើរនូវភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពម៉ឺងម៉ាត់តែបត់បែនតាមសភាពការណ៍បានយ៉ាងល្អប្រសើររបស់ សម្ដេចតេជោនាយករដ្ឋមន្តី និងការចូលរួមអនុវត្តវិធានការសុខាភិបាលពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស ពីអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ពីអន្តរវិស័យពីដៃគូសុខាភិបាល ពីវិស័យឯកជន និងនៅគ្រប់ទីកន្លែង ដែលលោកស្រីបានទៅដល់»។

ជាមួយគ្នានេះ លោកស្រី លី អាយឡែន ក៏បានកោតសរសើរដល់ការលះបង់របស់បុគ្គលិកសុខាភិបាល ជាពិសេសក្រុមគ្រូពេទ្យទូទាំងប្រទេសដែលបានធ្វើឱ្យលោកស្រីស្ញប់ស្ញែងកោតសរសើរ លើកទឹកចិត្តនៅគ្រប់កន្លែងដែលលោកស្រីបានទៅដល់ និងផ្តល់ជាកម្លាំងចិត្តបន្ថែមទៀតដល់លោកស្រីក្នុងការផ្តល់កិច្ចគាំទ្រតាមតម្រូវការជាក់ស្ដែង និងតាមសំណើររបស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលបានបន្ថែមថា ការរៀបចំយុទ្ធសាស្ត្រសុខាភិបាលដំណាក់កាលទី៤ ការងារលុបបំបាត់ជំងឺគ្រុនចាញ់ ការអភិវឌ្ឍន៍គម្រោងការប្រតិបត្តិសម្រាប់ជំរុញបង្កើនការថែទាំសុខ ភាពបឋម សំដៅសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសាកល និងកិច្ចការបច្ចេកទេសសុខាភិបា លផ្សេងៗទៀតដែលមិនអាចរៀបរាប់អស់នៅទីនេះ គឺសុទ្ធសឹងតែជាការយកចិត្តទុកដាក់របស់លោកស្រីតំណាង WHO ប្រចាំកម្ពុជា រួមជាមួយសហការីរបស់លោកស្រី ក្នុងការជួយគាំទ្រទាំងបច្ចេកទេស និងថវិកាមួយចំនួនសម្រាប់ដំណើរការផងដែរ។

ក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ក្រោយលោកស្រី លី អាយឡែន បញ្ចប់តំណែងនៅកម្ពុជា លោកស្រីមិនទាន់មានព័ត៌មានស្តីពីអ្នកដែលត្រូវមកកាន់ ដំណែងជំនួសគាត់នៅឡើយទេ៕