រុស្ស៉ីបន្តចោទថា ការវាយប្រហារដោយដ្រូនមកលើវិមានក្រឹមឡាំង គឺអាមេរិកជាមេខ្លោង

មូស្គូ៖  រុស្ស៉ីនៅថ្ងៃព្រហស្បតិ៍បានចោទប្រកាន់សហរដ្ឋអាមេរិកថា គឺជាមេខ្លោងនៅពីក្រោយ សកម្មភាពនៃការវាយប្រហារដោយដ្រូន មកលើវិមានក្រឹមឡាំង ដែលមានគោលដៅធ្វើឃាតប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានធ្វើការចោទប្រកាន់ដូចខាងលើ ប្រាប់ក្រុមអ្នកសារព័ត៌មាន ហើយលោកបានបន្តថា ទីក្រុងវ៉ាស៊ីនតោនគួរតែដឹងច្បាស់ថា រុស្ស៉ីបានដឹងថា ខ្លួនគឺជាអ្នកដែលជ្រើសរើសគោលដៅវាយប្រហារ ខណៈ​អ៊ុយក្រែនគ្រាន់តែជា អ្នកចាំអនុវត្តផែនការរបស់អាមេរិកប៉ុណ្ណោះ។ យ៉ាងណាក្តី អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ មិនបានផ្តល់ភស្តុតាងអ្វី ដើម្បីគាំទ្រអំណះអំណាងអំពីការជាប់ពាក់ព័ន្ធ របស់សហរដ្ឋអាមេរិកនោះទេ។

សូមជម្រាបថា ពាក់ព័ន្ធករណីនេះ ខាងទីក្រុងកៀវបានចេញមុខបដិសេធថា ខ្លួនមិនមានជាប់ទាក់ទងក្នុងឧប្បត្តិហេតុ ដែលបានកើតឡើងកាលពីថ្ងៃពុធសប្តាហ៍​នេះឡើយ នៅពេលឃ្លីបវីដេអូមួយបានបង្ហាញឱ្យឃើញវត្ថុហោះហើរចំនួនពីរ សំដៅទៅរកវិមានក្រឹមឡាំង ហើយវត្ថុមួយក្នុងចំណោមនោះ ក៏បានផ្ទុះឡើង។ វិមានក្រឹមឡាំងបានអះអាងថា ខ្លួនរក្សាសិទ្ធិដើម្បីសងសឹកឆ្លើយតបទៅវិញ ប៉ុន្តែមិនបាននិយាយថា សកម្មភាពតបតនោះ​នឹងធ្វើឡើងក្នុងទម្រង់បែបណាទេ៕