PSG បង្កើន​សន្តិសុខ​បន្ទាប់ពី​ការតវ៉ា​ផ្តោតលើ Neymar និង Messi

ប៉ារីស ៖ ក្លិប Paris Saint-Germain បាន​បញ្ជា​ឲ្យ​បន្ថែម​ការការពារ​ផ្នែក​សន្តិសុខ នៅ​ទីលាន​ហ្វឹកហាត់​របស់​ក្លិប និង​នៅឯ​ផ្ទះ​របស់​កីឡាករ Lionel Messi និង Neymar បន្ទាប់ពី​មានការ​តវ៉ា​ដោយ​អ្នកគាំទ្រ ដោយសារ​តែមាន​ការខឹង​សម្បា ស្តីពី​លទ្ធផល​នាពេល​ថ្មីៗ​នេះ របស់​ក្លិប​ដែល​កំពុង​នាំមុខគេ នៅ​លី​គ​កំពូល​បារាំង Ligue 1​។

អ្នកគាំទ្រ​ជាច្រើន​រយ​នាក់ របស់​ក្លិប PSG បាន​ប្រមូល​ផ្តុំគ្នា នៅ​ខាងក្រៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្លិប នៅ​រសៀល​ថ្ងៃ​ពុធ ជាទី​កន្លែង​ដែល​ពួកគេ​បាន​ដុត​ភ្លើង បង្ក​ជា​ផ្សែង និង​ច្រៀង​បទ​ចម្រៀង ស្តីពី​ទម្រង់​លេង​មិនល្អ របស់​តារាង​បាល់ទាត់ Messi, Neymar និង​ខ្សែបម្រើ​អ៊ីតាលី Marco Verratti​។

​មួយចំនួន​នៃ​ក្រុមអ្នកតវ៉ា ស្លៀក​សម្លៀកបំពាក់​ខ្មៅ បានធ្វើ​ដំណើរ​ទៅកាន់​ផ្ទះ​របស់ Neymar នៅ​ភាគខាងត្បូង​ជាយ​ទីក្រុង​ប៉ារីស ដោយ​ពួកគេ​បាន​ស្រែក​ខ្លាំងៗ​ថា “Neymar ចាញ់​”​។​

​តាម​សេចក្តីថ្លែងការណ៍​របស់​ក្លិប បាន​ឲ្យ​ដឹងថា «Paris Saint-Germain ថ្កោលទោស​យ៉ាងខ្លាំងបំផុត ចំពោះ​ទង្វើ​ដែល​មិនអាច​ទទួលយកបាន និង​ការប្រមាថ​របស់​បុគ្គល​មួយក្រុម​តូច​» ៕