ស៊ី​ហ្គេម២០២៣ ៖ បាល់ទះ​កម្ពុជា កក់​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រោយ​ឈ្នះ​២​ប្រកួត​ជាប់ៗ​គ្នា​

ភ្នំពេញ ៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា បាន​កក់​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ លើ​វិញ្ញាសា​បាល់ទះ​បុរស​ក្នុង​សាល នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នៅ​កម្ពុជា​ហើយ ក្រោយ​យកឈ្នះ​ដាច់ ២​ប្រកួត​ជាប់ៗ​គ្នា ក្នុង​ពូ​ល​A កាលពី​ថ្មីៗ ។​

សម្រាប់​ប្រកួត​ទី​១ ក្រុម​បាល់ទះ​កម្ពុជា បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី ៣-០​សិត ជាមួយ​ពិន្ទុ ២៥-១៤, ២៥-១៩ និង ២៥-២០​ពិន្ទុ ។ រីឯ​ប្រកួត​ទី​២ កាលពី​ម្សិលមិញ ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន ៣-០​សិត ជាមួយ​ពិន្ទុ ២៥-១៨, ២៥-១៨ និង ២៥-១៧​ពិន្ទុ ។​

​តាមរយៈ​ជ័យជម្នះ​នេះ នាំ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ឈរ​កំពូល​តារាង​ពូ​ល A បណ្ដោះអាសន្ន និង​មាន ៦​ពិន្ទុ​ពេញ ស្មើ​ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី ដែល​យកឈ្នះ​គូប្រកួត ២​ប្រកួត​ដូចគ្នា មុន​ក្រុម​ទាំងពីរ ត្រូវ​ជួបគ្នា​ដណ្ដើម​លេខ​១ ក្នុង​ពូ​ល នា​ល្ងាច​ថ្ងៃទី​០៦ ខែឧសភា​ស្អែក ៕