បណ្ឌិត ហ៊ុន ម៉ាណែត៖ ដំណើរការដោយរលូន នៃពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅកម្ពុជា ជាមោទកភាពដ៏វិសេសវិសាលបំផុត

ខេត្តព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរជាមួយសមណនិស្សិត និងនិស្សិតជ័យលាភីទាំង ៥២៥ អង្គ/នាក់ ដែលត្រូវទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង បន្ទាប់ពីការយកចិត្តទុកដាក់រៀនសូត្រ និងការជម្នះរាល់ការលំបាកនានាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ឯកឧត្តមបន្តថា ភាពជោគជ័យនេះ ក៏មិនអាចកាត់ផ្តាច់បានទ្បើយពីការឧបត្ថម្ភគាំទ្រគ្រប់សព្វបែបយ៉ាងពីសំណាក់ក្រុមគ្រួសារអាណាព្យាបាល ក៏ដូចជា គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ ក្នុងនាមជាកម្លាំងសរុបវិញចូលគ្នាជាធ្លុងមួយ ដែលជួយជំរុញឱ្យទទួលបាននូវសមិទ្ធផលធនធានមនុស្សទាំងអស់នេះ។

ឯកឧត្តមក៏បានលើកឡើងទៀតថា ការវិនិយោគលើវិស័យអប់រំ គឺជាការចូលរួមចំណែកក្នុងការបណ្តុះចំណេះដឹង សមត្ថភាព គុណធម៌ និងសីលធម៌ ជាគុណវុឌ្ឍិផ្នែកខាងក្នុងរបស់មនុស្ស ដែលជាទ្រព្យធនដ៏មានសារៈសំខាន់ចំបាច់បំផុត សម្រាប់ប្រទេសជាតិនីមួយៗ។

ក្នុងន័យនេះ ឯកឧត្តមសូមកោតសរសើរដល់សាកលវិទ្យាល័យ UME ដែលបានវិនិយោគលើវិស័យអប់រំក្នុងរយៈកាល ២៥ ឆ្នាំកន្លងមកនេះ ដោយបានអភិវឌ្ឍខ្លួនឈានឡើងជាបន្តបន្ទាប់ រហូតមានវត្តមាននៅក្នុងខេត្តចំនួន៦ នៅទូទាំងប្រទេស ដែលនេះគឺជាការចូលរួមចំណែកមិនអាចខ្វះបាន ជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីរួមគ្នាសម្រេចទិសដៅនៃការអភិវឌ្ឍវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានរំលេចផងដែរថា «ការណ៍ដែលបានឃើញនូវដំណើរការដោយរលូន នៃកម្មវិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅកម្ពុជា គឺជាមោទកភាពដ៏វិសេសវិសាលបំផុតក្នុងនាម ជាប្រជាពលរដ្ឋខ្មែរមួយរូប ហើយជោគជ័យនេះ ក៏បានឆ្លុះបញ្ចាំងអំពីការរួបរួមគ្នាជាកម្លាំងមហាសាមគ្គីភាពជាតិខ្មែរ នៅក្នុងការបង្ហាញប្រាប់ពិភពលោកអំពីវប្បធម៌-អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ដែលមានកំណើតដ៏យូរលង់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ដូចជាអំពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ន រួមទាំងអំពីទឹកចិត្តទូលំទូលាយរបស់ប្រជាជនខ្មែរយើង ក្នុងការទទួលស្វាគមន៍រាក់ទាក់ចំពោះមិត្តភក្តិអន្តរជាតិមកពីគ្រប់ទិសទី»។

ជាចំណាប់អារម្មណ៍ផ្ទាល់ខ្លួន, លោកថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ បានបង្ហាញនូវភាពលេចធ្លោលើទិដ្ឋភាព២សំខាន់ៗ៖

ទី១៖ គឺការដឹកនាំ និងការរៀបចំគ្រប់សកម្មភាពពាក់ព័ន្ធនឹងបដិសណ្ឋារកិច្ច និងការប្រកួត ប្រកបដោយភាពរលូន ត្រឹមត្រូវ យុត្តិធម៌ និងទំនុកចិត្ត ស្របតាមកម្រិតស្តង់ដារកំណត់របស់ក្រុមប្រឹក្សាសហព័ន្ធកីទ្បាអាស៊ីអាគ្នេយ៍
ទី២៖ សមត្ថភាពធនធានមនុស្សរបស់កម្ពុជានៅក្នុងវិស័យកីឡា ត្រូវបានលើកកម្ពស់ជាលំដាប់គួរឱ្យកត់សម្គាល់។

ជាក់ស្តែង នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នេះ គឺចំនួនមេដាយដែលកម្ពុជាទទួលបានមានចំនួនច្រើន រហូតអាចបំបែកឯតទគ្គកម្មរបស់ខ្លួននៅក្នុងប្រវត្តិសាស្ត្រ ហើយក៏នឹងកំពុងបន្តកើនឡើងជាប់ទៅមុខរហូត។ វឌ្ឍនភាពនេះ មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែជាផ្លែផ្កាដែលកើតឡើងក្រោមបរិស្ថានអំណោយផលនៃសុខសន្តិភាព-ស្ថិរភាព និងគោលនយោបាយដ៏ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដូចគ្នានេះ គឺវិនិយោគិនបរទេសក៏មានការរំពឹងទុកតែមួយផងដែរចំពោះការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាដោយទី១៖ ត្រូវពិនិត្យមើលលើកត្តាសន្តិភាព-ស្ថិរភាព និងទី២៖ កម្រិតសមត្ថភាពធនធានមនុស្សរបស់កម្ពុជា ដែលត្រូវមានជំនាញបម្រើឱ្យដំណើរការផលិតកម្មក្នុងគម្រោងវិនិយោគរបស់ពួកគេ។ ក្នុងន័យនេះ សូមសិស្ស-និស្សិតកម្ពុជាគ្រប់រូប ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រទាំងលើជំនាញរឹង និងជំនាញទន់ ឱ្យមានគុណវុឌ្ឍិពិតប្រាកដច្បាស់លាស់ ដើម្បីក្លាយខ្លួនជាមូលធនមនុស្សរបស់កម្ពុជា ដែលនឹងដើរតួនាទីសំខាន់នៅក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ជាតិយើងក្នុងចរន្តសាកលភាវូបនីយកម្ម និងការចាប់យកនូវសក្តានុពលថ្មីៗបម្រើឱ្យការកសាងអភិវឌ្ឍប្រទេសទៅមុខ៕