សិង្ហបុរីអបអរសាទរកម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងរលូន ​​អស្ចារ្យ និងជោគជ័យ

ភ្នំពេញ ៖ លោក ធាវ ឈីហាន ( Teo Chee Hean ) ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសម្របសម្រួលសន្ដិសុខជាតិសិង្ហបុរី បានសម្ដែងការអបអរសាទរ ចំពោះសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាដែលបានរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេមបានយ៉ាងរលូន យ៉ាងអស្ចារ្យ និងជោគជ័យ ។

ក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ លោក ធាវ ឈីហាន មានប្រសាសន៍ថា កីឡាករ កីឡាការិនី និងអ្នកដែលមកចូលរួមទទួលការរីករាយ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។

លោក ធាវ ឈីហ៊ាន ក៏បានគោរពជម្រាបសម្ដេចតេជោថា ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យឈានឡើងមួយជំហ៊ានទៀត ។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបុរីដែលបានបញ្ជូនកីឡាករ កីឡាការិនី មកចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជាដែលញ៉ាំងឲ្យព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាកាន់តែមានភាពអធិកអធម។

សម្ដេចតេជោ បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក៏បានលើកទឹកចិត្តឲ្យពិនិត្យការជំរុញការអនុវត្តតាមកិច្ចព្រមព្រៀង និងអនុស្សាណៈដែលបានចុះហត្ថលេខាហើយ ជាពិសេសលើវិស័យថាមពល និងវិស័យទីផ្សារកាបោន៕