រុស្ស៉ី វាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៊ុយក្រែន មុនថ្ងៃទិវាជ័យជម្នះ ៩ ឧសភា
កៀវ៖ ក្រុមមន្ត្រីអ៊ុយក្រែន នៅថ្ងៃចន្ទនេះបាននិយាយថារុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំសាជាថ្មីលើរដ្ឋធានីកៀវ និងនៅទូទាំងប្រទេស ដោយបង្កការបំផ្លិចបំផ្លាញ និងមនុស្សជាច្រើននាក់រងរបួស ស្របពេលទីក្រុងមូស្គូកំពុងត្រៀមប្រារព្ធទិវាជ័យជម្នះលើកងទ័ពហ៊ីត្លែរ ក្នុងសង្រ្គាមលោកលើកទី២។
រុស្ស៊ី នឹងប្រារព្ធទិវាជ័យជម្នះរបស់ខ្លួនលើកងទ័ពហ៊ីត្លែរ ក្នុងសម័យសង្រ្គាមលោកលើកទី២ នៅថ្ងៃអង្គារ ទី៩ ខែឧសភានេះ ខណៈទាហានរុស្ស៉ី កំពុងបង្កើនបាញ់ផ្លោងក្នុងទីក្រុងបាកមូត ជាទីដែលទាហានរុស្ស៉ី និងអ៊ុយក្រែនប្រយុទ្ធបង្ហូរឈាមអស់រយៈពេលជាច្រើនខែមកហើយ។
បើតាមក្រុមមន្ត្រីអ៊ុយក្រែន មនុស្សយ៉ាងហោច ៥នាក់បានរងរបួសក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីលើរដ្ឋធានីកៀវ ខណៈមីស៊ីលរុស្ស៊ីបានបង្កជា អគ្គិភ័យឆាបឆេះឃ្លាំងស្ដុកចំណីអាហារ ក្នុងទីក្រុងអូដេសា (Odesa) នៃតំបន់សមុទ្រខ្មៅ ហើយការផ្ទុះជាច្រើនក៏ត្រូវបានរាយការណ៍នៅតាមទីក្រុងជាច្រើន ផ្សេងទៀតរបស់អ៊ុយក្រែនផងដែរ៕