ក្រុមបាល់ទះកម្ពុជាទទួលបានមេដាយប្រាក់ ក្រោយចាញ់ឥណ្ឌូណេស៊ី

ភ្នំពេញ៖ ក្រុមបាល់ទះកម្ពុជា ទទួលបានមេដាយប្រាក់ ក្រោយចាញ់ក្រុមបាល់ទះឥណ្ឌូណេស៊ីដែលជាជើងខ្លាំង ក្នុងលទ្ធផល ៣-០ នាយប់ថ្ងៃទី០៨ ខែឧសភា នៅក្នុងសាលពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះមានការអញ្ចើញចូលរួមពីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC សម្តេចពិជ័យសេនា ទៀ បាញ់ និងអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន។

កម្ពុជាប្រកួតជាមួយឥណ្ឌូណេស៊ីវគ្គផ្តាច់ព្រ័ត្រ ដោយក្នុងសិតទី១ ២១-២៥ ក្នុងសិតទី២ ១០-២៥ និងសិតទី៣ ១៥-២៥។ ទោះបីកម្ពុជាមិនទទួលបានមេដាយមាស ប៉ុន្តែជាប្រវត្តិសាស្ត្រដែលក្រុមបាល់ទះកម្ពុជាបានឈានដល់វគ្គដណ្តើមមេដាយមាសជាលើកដំបូង។

កម្ពុជាបានឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រោយពីយកឈ្នះក្រុមបាល់ទះថៃ ក្នុងលទ្ធផល ៣-២ កាលពីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែកឥណ្ឌូណេស៊ី ឡើងទៅវគ្គផ្តាច់ព្រ័ត្រជាមួយកម្ពុជា ក្រោយយកឈ្នះវៀតណាម ដោយពិន្ទុ សម្រាប់សិតទី១ ឈ្នះ៣០ ទល់ ២៨ សិតទី២ ឈ្នះ ២៥ ទល់ ១៩ និងសិតទី៣ យកឈ្នះ ២៥ ទល់ ១៨។

ក្រុមបាល់ទះថៃត្រូវប្រកួតជាមួយក្រុមបាល់ទះវៀតណាមនាល្ងាចថ្ងៃនេះ ដោយលទ្ធផលវៀតណាមបានយកឈ្នះថៃក្នុងលទ្ធផល ៣សិត ទល់ ០ ដោយទទួលបានមេដាយសំរិទ្ធិ ខណៈកាលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេមឆ្នាំ២០២២ វៀតណាមមិនទទួលបានជ័យលាភីឡើយ៕