រុស្ស៉ី ប្រារព្ធទិវាជ័យជម្នះ ក្រោមការរឹតបន្តឹងសន្តិសុខ ក្រោយរងការវាយប្រហារដោយយន្ដហោះដ្រូន
មូស្គូ៖ រុស្ស៊ីនឹងប្រារព្ធទិវាជ័យជម្នះលើកងទ័ពណាហ្ស៉ីអាល្លឺម៉ង់របស់ហ៊ីត្លែរ ក្នុងសង្រ្គាមលោកលើកទី២ អមជាមួយការធ្វើព្យុហយាត្រាយោធានៅឯទីលានក្រហមក្នុងទីក្រុងមូស្គូ ក្រោមអធិបតីភាព ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះ។
ពិធីបុណ្យជាតិមួយនេះនឹងត្រូវប្រព្រឹត្តទៅ ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារដោយយន្ដហោះដ្រូន ជាបន្តបន្ទាប់ក្នុងទឹកដីរុស្ស៉ី ក្នុងនោះមានការវាយប្រហារដោយយន្ដហោះដ្រូនលើវិមានក្រឹមឡាំងដែលអាជ្ញាធររុស្ស៉ីចោទថាជាស្នាដៃរបស់អ៊ុយក្រែន។
លោក ពូទីន រួមទាំងរដ្ឋមន្ត្រីការពារជាតិរបស់លោក និងមន្ត្រីជាន់ខ្ពស់រុស្ស៉ីត្រូវបានគេរំពឹងថានឹងចូលរួមទស្សនាការធ្វើព្យុហយាត្រាយោធា នៅឯទីលានក្រហម ដែលជារឿយៗ មានការសម្ញែងរថក្រោះ មីស៊ីលបាលិស្ទីគអន្តរទ្វីប និងក្បួនព្យុយោត្រារបស់កងទ័ពរុស្ស៉ី។
ការប្រារព្ធទិវាជ័យជម្នះ៩ ឧសភា គឺជាបុណ្យជាតិដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសរុស្ស៉ី ដើម្បីរំឮក និងឧទ្ទិសដល់ការពលីរបស់ទាហានសូវៀត ដែលបានយកឈ្នះលើកងទ័ព របស់ហ៊ីត្លែរក្នុងសង្រ្គាមលោកលើកទី២។
លោក ពូទីន នឹងត្រូវថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិរុស្ស៉ី និងមេដឹកនាំនៃរដ្ឋជាអតីតសហភាពសូវៀតចំនួន៦ ដែលនឹងចូលរួមក្នុងទិវាជ័យជម្នះនេះ ក្នុងនោះរួមមានទាំងនាយករដ្ឋមន្ត្រីអាមេនី និងប្រធានាធិបតីកាហ្សាក់ស្ថាន៕