រដ្ឋមន្រ្តីព័ត៌មានចាត់ទុកការឧបត្ថម្ភថវិកាជូនកីឡាការិនី ប៊ូ សំណាង ជារង្វាន់ដែលគាត់ខិតខំប្រឹងប្រែង មិនចុះចាញ់

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានលើកឡើងថា «ការជូនថវិកាឧបត្ថម្ភជូនកីឡាការិនី ប៊ូ សំណាង មិនមែនដោយសារគាត់ចាញ់នោះទេ ប៉ុន្តែការជូនរង្វាន់នេះអំពីការប្រឹងប្រែង ចរិតមិនចុះចាញ់ មានន័យថា ធ្វើអ្វីមួយឲ្យដល់ទិសដៅ»។

ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសអនុញ្ញាតឲ្យកីឡាការិនីអត្តពលកម្មកម្ពុជារត់ចម្ងាយ៥,០០០ម៉ែត្រ ប៊ូ សំណាង ចូលជួប និងផ្តល់ថវិកាឧបត្ថម្ភលើកទឹកចិត្ត នៅទីស្តីការក្រសួងព័ត៌មាន ដោយរួមដំណើរមកជាមួយលោក ដាំ ភិរម អនុប្រធានសហព័ន្ធកីឡាអត្តពលកម្មកម្ពុជា។

ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា «នេះជាការបង្ហាញអំពីប្រឹងប្រែង ហើយកីឡាករទាំងអស់ គឺចាប់ផ្តើមពីការបរាជ័យនេះទៅហើយ។ ដូច្នេះសំខាន់យើងចង់ឲ្យមានការតស៊ូ ទោះធ្វើកីឡាក្តី រកស៊ីក្តី ពុះពារការលំបាកឲ្យដល់ភាពជោគជ័យ ដែលកីឡាការិនី ប៊ូ សំណាង បានបង្ហាញរូបភាពនេះ ដែលជារូបភាពទាក់ទាញ ដែលមិនត្រឹមតែកាសែតជាតិប៉ុណ្ណោះទេ គឺសូម្បីកាសែតអន្តរជាតិក៏បាន សរសេរផ្សព្វផ្សាយទៅពិភពលោកផងដែរ»។

កីឡាការិនីអត្តពលកម្ម ប៊ូ សំណាង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសារត់ចម្ងាយ៥,០០០ម៉ែត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមដំណក់ទឹកភ្លៀងយ៉ាងជោគជាំ បើទោះបីជាកី ឡាការិនីរូបនេះ មិនទទួលបានលទ្ធផលល្អ ប៉ុន្តែនាងទទួលបានតស៊ូ ពុះពាររត់ដល់ទីដោយមិនបោះ បង់ការប្រកួត។

ជាមួយគ្នានេះ កីឡាការិនី ប៊ូ សំណាង ដែលទទួលបានការគាំទ្រ អាណិតអាសូរនូវការតស៊ូពុះពារ ក្នុងការលំបាកនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងរំភើបចិត្តជាខ្លាំងចំពោះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មានជាច្រើនរូប និងសប្បុរសជននានា ដែលផ្តល់ថវិកាលើកទឹកចិត្តដល់រូបនាង៕