ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ជួបសំណេះសំណាល និងប្រគល់អំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកម្លាំងទិសយោធភូមិភាគទី៥ នៅបញ្ជាការដ្ឋានកងពលតូចលេខ៥២

ខេត្តបាត់ដំបង៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសម្ភារជាអាវភ្លៀងយកទៅចែកជូនកងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៥ នៅទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥២។

ពិធីនេះបានធ្វើឡើងដោយមានចូលរួមពីប្រតិភូអមដំណើរ ថ្នាក់ដឹកនាំយោធភូមិភាគទី៥, ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ នៃកងពលតូចថ្មើរជើងលេខ៥២ ជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានផ្តាំផ្ញើសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាគទី៥ ជាពិសេស គឺការចែកអាវភ្លៀង ជូនដល់បងប្អូនកងកម្លាំង ខណៈរដូវវស្សាបានមកដល់។ ឯកឧត្តមបញ្ជាក់ថា កម្មវិធីបែងចែកអាវភ្លៀង និងអាវរងា ជូនកងកម្លាំងប្រដាប់អាវុធ តែងតែធ្វើជាប្រចាំ ហើយនេះបានបង្ហាញពីការយកចិត្តទុកដាក់ គិតគូរជាប្រចាំនូវសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអះអាងថា យើងមានថ្ងៃនេះ គឺដោយសារមានសម្តេចតេជោ ហ៊ុន សែន បានយកជីវិតរបស់ខ្លួនទៅប្តូរយកសន្តិភាព ដែលយើងកំពុងសោយសុខនឹងផ្លែផ្កាសន្តិភាពរហូតដល់ពេលនេះ។

ដូចនេះក្នុងនាមជាកងទ័ព កងកម្លាំងប្រដាប់អាវុធ យើងត្រូវបេ្តជ្ញា កសាងសមត្ថភាព បង្កើនឆន្ទៈ លះបង់ឲ្យអស់កម្លាំងកាយចិត្ត ពេលវេលា និងបូជាជីវិត ដើម្បីធានាការពារបូរណភាពទឹកដី សុខសន្តិភាព សន្តិសុខសង្គម និងសុវត្ថិភាពជូនប្រជាជនកម្ពុជា។ ចំពោះកងទ័ព ក៏ដូចជាកងកម្លាំងប្រដាប់អាវុធរបស់យើង ក្រៅពីបំពេញការងារស្នូលរបស់ខ្លួន បងប្អូនកងកម្លាំង តែងតែចូលរួមសកម្មភាពការងារសង្គម ជួយប្រជាពលរដ្ឋដែលជួបប្រទះការលំបាក ជួបខ្យល់កន្ត្រាក់ គ្រោះមហន្តរាយផ្សេងៗជាដើម។

ជាក់ស្តែង ក្រៅពីអាវភ្លៀង សម្រាប់ចែកជូនកងកម្លាំងប្រដាប់អាវុធនាថ្ងៃនេះ កងពលតូចថ្មើរជើងលេខ៥២ ក៏ទទួលបានអង្ករ សម្រាប់ប្រើប្រាស់ក្នុងអង្គភាព និងស័ង្កសី ចំនួន៥,០០០សន្លឹក ដើម្បីយកមកជួយដល់គ្រួសារកងទ័ព ប្រជាពលរដ្ឋទីទាល់ក្រ និងប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិផ្សេងៗ ផងដែរ៕