កូរ៉េខាងជើងព្រមានថា តំបន់អាស៊ីភាគឦសាននឹងជួបអស្ថិរភាព បើជប៉ុនចូលរួមក្នុងក្រុមប្រឹក្សានុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង

ព្យុងយ៉ាង៖ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃពុធនេះ បានចេញមុខព្រមានជប៉ុនកុំឱ្យចូលរួមក្នុងក្រុមប្រឹក្សានុយក្លេអ៊ែរ NCG ដែលសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ដោយអះអាងថា ប្រសិនបើទីក្រុងតូក្យូចូលរួមនឹងធ្វើឱ្យតំបន់អាស៊ីភាគឦសាន ជួបអស្ថិរភាពមិនខានឡើយ។

ការអត្ថាធិប្បាយខាងលើ ត្រូវបានសំដៅជាពិសេសទៅលើ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៊ីដា ដែលបានបំពេញទស្សនកិច្ចការងារ​ទៅកាន់កូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ ក្រសួងការបរទេសកូរ៉េខាងជើង បានរិះគន់ដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូងក្នុង​រយៈពេល១២ឆ្នាំនោះថា ជាការបង្កើនក្តីបារម្ភនៅក្នុងតំបន់ ក៏ដូចជាក្តីបារម្ភរបស់សហគមន៍អន្តរជាតិ។

លោក គីម សូលវ៉ា (Kim Sol Hwa) នៃក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើជប៉ុននៅតែចចេសចូលរួមក្នុងសម្ព័ន្ធភាពយោធា ដែលដឹកនាំឱ្យសហរដ្ឋអាមេរិក វានឹងរុញច្រាន​អាស៊ីភាគឦសានឱ្យធ្លាក់ទៅក្នុងអស្ថិរភាព ហើយទីបំផុតប្រែក្លាយតំបន់នេះ ទៅជាសមុទ្រភ្លើងមិនខានឡើយ»។

ក្រុម NCG ដែលត្រូវបានប្រកាសអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ទៅកាន់សហរដ្ឋអាមេរិក កាលពីខែមេសា និងមើលឃើញ ទីក្រុងវ៉ាស៊ីនតោនផ្តល់ឱ្យទីក្រុងសេអ៊ូល នូវសិទ្ធិធំជាងមុនក្នុងការរៀបចំផែនការ​នុយក្លេអ៊ែរ ជុំវិញជម្លោះណាមួយជាមួយកូរ៉េខាងជើង។

យោងតាមសេចក្តីរាយការណ៍កាលពីថ្ងៃអង្គារ ជប៉ុននិងកូរ៉េខាងត្បូង កំពុងគ្រោងព្រមព្រៀងគ្នានៅដើមខែក្រោយ ដើម្បីតភ្ជាប់​រ៉ាដារបស់ពួកគេ តាមរយៈប្រព័ន្ធរបស់សហរដ្ឋអាមេរិក ដើម្បីចែករំលែកព័ត៌មានជាក់ស្តែង ស្តីអំពីមីស៉ីលបាលិស្ទីគរបស់កូរ៉េខាងជើង។ រីឯ​កាលពីថ្ងៃចន្ទសប្តាហ៍នេះ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ក៏បាននិយាយដែរថា ទីក្រុងសេអ៊ូលនឹងបង្កើតក្រុមរួមមួយជាមួយជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីចែករំលែកព័ត៌មានអំពីមីស៉ីលរបស់កូរ៉េខាងជើង៕