លោក Keisuke Honda អស់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជាហើយ
ភ្នំពេញ៖ ជំនួបបញ្ចប់ពូល A នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រវាងក្រុមជម្រើសជាតិ U22 កម្ពុជា និងក្រុម U22 ឥណ្ឌូនេស៊ី នៅរាត្រីថ្ងៃទី១០ ខែឧសភានេះ បានក្លាយជាការប្រកួតចុងក្រោយ ដឹកនាំដោយលោក Keisuke Honda បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា បន្ដចាញ់ ២-១ មិនអាចឡើងទៅវគ្គបន្ដបាន។
ក្រោយចប់ការប្រកួត គេឃើញមានវត្តមាននាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំងក្រុមការងារគ្រូ និងកីឡាករទាំងអស់ បានជួបជុំ និងលាគ្នាជាមួយលោក Keisuke Honda ចំពោះមុខអ្នកគាំទ្រជាច្រើនៅពហុកីឡដ្ឋានជាតិ ខណៈបណ្ដាក្លិប និងអ្នកគាំទ្រជាច្រើន ក៏បានអរគុណបុរសជនជាតិជប៉ុនរូបនេះ ដែលបានលះបង់ និងខំប្រឹងដឹកនាំ អភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាផងដែរ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសនៅរាត្រីថ្ងៃពុធនេះថា «ការប្រកួតចុងក្រោយរបស់ក្រុមបាល់ទាត់ជម្រើសជាតិបុរស (កម្ពុជា ជួបឥណ្ឌូនេស៊ី ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ ពួកយើងទាំងអស់គ្នាពីក្រុមជម្រើសជាតិកម្ពុជា កីឡាករ គ្រូបង្វឹក និងមន្រ្តី ស.ប.ក ទាំងអស់ សូមថ្លែងអំណរគុណចំពោះទឹកចិត្ត ការគាំទ្ររបស់បងប្អូនក្នុងអំឡុងព្រឹត្តិការណ៍នេះ និងសោកស្ដាយដែលមិនអាចបន្តទៅជុំបន្ទាប់។ សូមអរគុណដល់លោក Keisuke Honda ចំពោះការខិតខំប្រឹងប្រែងក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។ ពួកយើងសូមជូនពរឲ្យលោកជួបប្រទះតែសំណាងល្អ និងជោគជ័យគ្រប់ភារៈកិច្ចនាពេលខាងមុខ»៕