ចូបៃដិន នឹងជួបនាយករដ្ឋមន្រ្តីឥណ្ឌានៅទីក្រុងវ៉ាស៊ីនតោន នៅចុងខែមិថុនាខាងមុខ

វ៉ាស៊ីនតោន៖ សេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងទទួលស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី សម្រាប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ទីក្រុងវ៉ាស៊ីនតោន នៅខែមិថុនាខាងមុខ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ សេតវិមានបានឱ្យដឹងថា «ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ម៉ូឌី នឹងជួយជំរុញការប្ដេជ្ញាចិត្តរួមគ្នារវាងសហរដ្ឋអាមេរិក និងឥណ្ឌា ចំពោះឥណ្ឌូប៉ាស៊ីហ្វិកសេរី បើកចំហ វិបុលភាព និងសន្តិសុខ»។ ប៉ុន្តែ ការអញ្ជើញលោក ម៉ូឌី បំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក កើតមានឡើងចំពេលក្រុម អង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនបង្ហាញការព្រួយបារម្ភ និងរិះគន់យ៉ាងខ្លាំងចំពោះស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងប្រទេសឥណ្ឌា ក្រោមការដឹកនាំ ដោយរដ្ឋាភិបាលរបស់លោក ម៉ូឌី។

ដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី អាចនឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបំផុតរបស់លោកទៅកាន់សហរដ្ឋអាមេរិក។ លោក ម៉ូឌី ក៏ធ្លាប់បាន បំពេញទស្សនកិច្ចទៅកាន់សេតវិមានដែរ កាលពីឆ្នាំ២០២១ តែជាផ្នែកមួយនៃការចូលរួមកិច្ចប្រជុំកំពូលក្វាដ (Quad) ដែលមានប្រទេសជាសមាជិកដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា៕