ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរយុវជនស្ម័គ្រចិត្តដែលមានរបៀបរបបធ្វើការប្រកបដោយទំនួលខុសត្រូវ និងឈ្លាសវៃក្នុងការដោះស្រាយបញ្ហាប្រឈម
ភ្នំពេញ៖ ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានកោតសសើរចំពោះក្រុមយុវជនស្ម័គ្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣នេះ ដោយទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចប្រកបស្នាមញញឹមកក់ក្តៅ ទន់ភ្លន់ ជាមួយនឹងរបៀបរបបធ្វើការងារប្រកបដោយទំនួលខុសត្រូវ និងភាពឈ្លាសវៃក្នុងការដោះស្រាយបញ្ហាប្រឈមនានា។
សារអមជាមួយនឹងរូបភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី និងយុវជនស្ម័គ្រចិត្តលើបណ្តាញសង្គមនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ ឱ្យថា៖ «យុវជនស្ម័គ្រចិត្តយើងទាំងអស់គ្នា ពិតជាធ្វើឲ្យខ្ញុំរីករាយ និងគួរឲ្យកោតសរសើរមែន»។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសូមអភ័យទោសដែលលោកមិនបានសួរសុខទុក្ខ យុវជនស្ម័គ្រចិត្តគ្រប់គ្នាឲ្យបានដល់គ្រប់ទីតាំងទាំងអស់។ ឯកឧត្តមហ៊ុន ម៉ានី គូសបញ្ជាក់ថា ឯកឧត្តមពិតជាអរគុណចេញពីបេះដូង និងទទួលស្គាល់តម្លៃ នៃការស្ម័គ្រចិត្តគ្រប់ៗគ្នា ក៏ដូចជាអ្នកចូលរួមនានាគ្រប់ៗរូប ហើយលោកពិតជាមានមោទនភាពចំពោះអ្នកទាំងអស់គ្នា និងចង់ប្រាប់ដែរថា កម្ពុជាក៏មានមោទនភាពចំពោះយុវជនស្ម័គ្រចិត្តទាំងអស់ដូចគ្នា។
សូមជម្រាបថា យុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ មានប្រមាណ ៧ ០០០នាក់៕