នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ០២គ្រឿង ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ០២គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ក្នុងគោលបំណងធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

ការចតរបស់នាវាខាងលើ ទទួលស្វាគមន៍ដោយនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំដោយ លោក ឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរងមូលដ្ឋានសមុទ្រ។

លក្ខណៈបច្ចេកទេសរបស់នាវា៖ នាវាទី១. មានឈ្មោះ INS DELHI (D61) ជាប្រភេទ នាវាពិឃាតមានបណ្ដោយ ១៦៣,២០ម៉ែត្រ ទទឹង ១៧,៤០ម៉ែត្រ ជម្រៅទឹក ៦,៦០ម៉ែត្រ ទម្ងន់ផ្ទុក ៦៨០៨តោន មាននាវិកចំនួន ៤៥០នាក់ ដឹកនាំដោយលោក វរនាវីឯក SHIRAZ HUSSAIN មេបញ្ជាការនាវា។ នាវាទី២. មានឈ្មោះ INS SATPURA (F48) ជាប្រភេទ នាវាប្រយុទ្ធ បណ្ដោយ 143ម៉ែត្រ ទទឹង ១៦,៩០ម៉ែត្រ ជម្រៅទឹក ៦,៩០ម៉ែត្រ ទម្ងន់ផ្ទុក ៥៣០០តោន មាននាវិកចំនួន ៣៩៥នាក់ ដឹកនាំដោយលោក វរនាវីឯក KARTIK MURTHY មេបញ្ជាការនាវា៕ ដោយ៖ ទឹង សុភាព