កាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីទទួលបានថវិកាជាង៣ម៉ឺនដុល្លារ និងជាង៧០លានរៀល ក្នុងពិធីអបអរខួបលើកទី១៦០ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣

ខេត្តមណ្ឌលគិរី៖ ថវិកាជាង ៣ម៉ឺនដុល្លារ និងប្រាក់រៀលជាង ៧០លានរៀល ត្រូវបានសប្បុរជននានា បានចូលរួមបរិច្ចាគគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នាឱកាសពិធីអបអរខួបលើកទី១៦០ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ” រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម “។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសមាជិក សមាជិកាសាខា អនុសាខាក្រុង/ស្រុក និងប្រជាពលរដ្ឋ អាជីវករជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម ងី ច័ន្រ្ទផល បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចមានសេចក្តីនឹករឮកដល់សមាជិក សមាជិកា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ជាពិសេស ប្រជាពលរដ្ឋខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។ ឯកឧត្តម បញ្ជាក់ថា  សម្រាប់ឆ្នាំ២០២៣នេះ ក្នុងស្ថានភាពដែលព្រះរាជាណាចក្រកម្ពុជា កំពុងរងផលប៉ះពាល់ដោយបញ្ហាប្រឈមជាសកលមានដូចជា បម្រែបម្រួលអាកាសធាតុ រួមជាមួយបញ្ហាប្រឈមមួយចំនួនទៀត ដូច្នេះ ឯកឧត្តម បានណែនាំដល់សាខា-អនុសាខា ត្រូវយកចិត្តទុកដាក់ និងដោះស្រាយឲ្យអស់លទ្ធភាព ក្នុងការជួយសម្រាលការលំបាករបស់មនុស្សចាស់ ទីពឹងកុមារកំព្រា ជនពិការ ស្ត្រីមេម៉ាយ ។ល។ ត្រូវលើកកម្ពស់ការកសាង និងពង្រឹងសមត្ថភាពអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដែលជាកម្លាំងប្រតិបត្តិករឈានមុខ ធ្វើការអប់រំផ្សព្វផ្សាយលើកកម្ពស់អនាម័យ ថែទាំសុខភាព ថែរក្សាបរិស្ថានល្អ និងសុវត្ថិភាពចរាចរណ៍។ ត្រូវពង្រឹងអភិបាលកិច្ចល្អ គ្រប់គ្រងមានតម្លាភាព ដើម្បីរក្សាបានជំនឿទុកចិត្ត និងការគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនាក់ទំនងល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន និងប្រជាពលរដ្ឋ។

ឯកឧត្តម ថង សាវុន បានឳ្យដឹងថា ការរំលឹកខួបលើកទី១៦០ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ” រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម ” ធ្វើជាប្រធានបទនៃការទាក់ទាញចំណាប់អារម្មណ៍មហាជនទូទៅ ឲ្យបានយល់កាន់តែច្បាស់ថែមទៀត អំពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ហើយប្រធានបទនេះ មានខ្លឹមសារ និងអត្ថន័យ សំដៅលើកកម្ពស់គុណភាពប្រសិទ្ធភាព នៃការចូលរួមសកម្មភាពមនុស្សធម៌របស់អ្នកស្ម័គ្រចិត្តនៅក្នុងបេសកកម្មជួយសង្គ្រោះ ជនរងគ្រោះ និងក្នុងការកៀករធនធានឲ្យកាន់តែទូលំទូលាយថែមទៀត។

ឯកឧត្តម ក៏បានសំដែងនូវការអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោក ឧកញ៉ា លោក លោកស្រី និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងកំពុងតែបន្តគាំទ្រយ៉ាងសកម្មដល់កាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ក្នុងការរួមចំណែកទាំងស្មារតី សម្ភារៈ និងថវិកា ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដំណើរការសកម្មភាពមនុស្សធម៌ជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះនានា ឲ្យបានល្អប្រសើរមួយកម្រិតថែមទៀត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានលើកឡើងថា ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហម៕ ដោយ៖ ផល្លិត ហៅបូរ៉ា