ផ្លូវបេតុង១ខ្សែក្នុងក្រុងស្ទឹងត្រែង បាននិងកំពុងស្ថាបនាឡើងក្រោមគម្រោងថវិការបស់រដ្ឋបាលខេត្ត
ខេត្តស្ទឹងត្រែង៖ផ្លូវបេតុង១ខ្សែលាត្រូវបាននឹងកំពុងស្ថាបនាឡើងពីរង្វង់មូលថ្មីក្នុងភូមិត្រពាំងព្រីង ដល់ចំណុចភូមិលើក្នុងក្រុងស្ទឹងត្រែងក្រោមគម្រោងថវិការបស់រដ្ឋបាលខេត្ត ដោយចំណាយពេលវេលាក្នុងរយៈពេល១ខែ ។
ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ នៅព្រឹកថ្ងៃទី១១ ខែឧសភានេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ផ្លូវបេតុង១ខ្សែនេះអាចចាត់ទុកជាផ្លូវមួយមានសារៈសំខាន់ក្នុងការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក៏ដូចជាការសម្រួលឲ្យប្រសើរឡើង ទាំងសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថានក្រុង ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ១នេះ ។ឯកឧត្តមបានណែនាំដល់មន្ត្រីជំនាញអាជ្ញាធរពាក់ព័ន្ធ និងអ្នកទទួលសាងសង់ធ្វើយ៉ាងណាសហការគ្នាឲ្យបានល្អ ក្នុងដំណើរការសាងសង់ប្រកបដោយលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ហើយបង្កើនការជំរុញបានឆាប់ចប់ទៅតាមផែនការដែលបានគ្រោងទុក ។
លោក ស គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែងបានឲ្យដឹងថា ផ្លូវដែលអនុវត្តការស្ថាបនាឡើងវិញលើផ្លូវកៅស៊ូចាស់នាពេលនេះជាផ្លូវលេខ២២ និងជាផ្លូវមេធំនៅក្នុងខេត្ត ហើយក៏ត្រូវបានជំនាញប្រើប្រាស់សរសៃដែក ជាផ្លូវបេតុង មានប្រវែង១៧០០ម៉ែត្រ ទទឹង១៥ម៉ែត្រនិងមានកម្រាស់១,៥តឹក ដោយចំណាយថវិការបស់រដ្ឋបាលខេត្ត៕ ម៉ាវិន