ឯកឧត្តម វ៉ាត់ ចំរើន៖ បិទស៊ីហ្គេម នឹងមានទស្សនីយភាពអស្ចារ្យ តែអ្នកចូលទស្សនា ត្រូវមានបណ្ណថ្មី
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលគ្រោងរៀបចំនាថ្ងៃទី១៧ ខែឧសភាខាងមុខ នឹងមានទស្សនីយភាពអស្ចារ្យ មិនចាញ់ពិធីបើកឡើយ ។ ប៉ុន្ដែអ្នកចូលទស្សនាទាំងអស់ ត្រូវមានបណ្ណចូលទស្សនាថ្មី ដើម្បីការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ឲ្យកាន់តែល្អប្រសើរ ។
ឯកឧត្តមមានប្រសាសន៍ថា ធម្មតាពិធីបើកព្រឹត្តិការណ៍កីឡាធំៗ តែងមានទស្សនីយភាពច្រើន និងអស្ចារ្យ ជាក់ស្ដែងក្នុងពិធីបើកស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីថ្ងៃទី០៥ ខែឧសភា ដែលធ្វើឲ្យពិភពលោកមានការកោតស្ញប់ស្ញែងជាខ្លាំង ។ ចំពោះពិធីបិទវិញ ក៏នឹងត្រូវរៀបចំក្នុងកម្រិតដ៏អស្ចារ្យផងដែរ ។ តែចំពោះបណ្ណចាស់ ដែលចូលរួមពិធីបើកថ្ងៃមុន ត្រូវបានទុកជាមោឃៈ បន្ទាប់ពីគណៈកម្មាធិការជាតិ CAMSOC សម្រេចធ្វើបណ្ណថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែឧសភានេះ គឺមានរយៈពេល ១៤ថ្ងៃហើយ នៃដំណើរការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលចាប់ផ្ដើមការប្រកួតតាំងពីថ្ងៃទី២៩ ខែមេសា មុនពិធីបើកផ្លូវការ កាលពីថ្ងៃទី០៥ ខែឧសភា ពោលគឺនៅសល់ ៥ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ នឹងឈានដល់ពិធីបិទ៕