Elon Musk ប្រកាសថា លោករកអ្នកគ្រងតំណែង CEO ថ្មីរបស់ Twitter បានហើយ

អាមេរិក៖ លោក Elon Musk បានប្រកាសថា លោកបានស្វែងរកឃើញអ្នកដែលស័ក្តិសមសម្រាប់តំណែង CEO ថ្មីរបស់ Twitter ហើយ ប៉ុន្តែមិនបានបង្ហាញអត្តសញ្ញាណរបស់បុគ្គលនោះនៅឡើយទេ ខណៈដែលកាសែតធំមួយគឺ Wall Street Journal បានរាយការណ៍ថា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Comcast NBCUniversal លោកស្រី Linda Yaccarino កំពុងពិចារណាលើតំណែងថ្មីនេះ។

លោក Elon Musk បានប្រកាសនៅលើសារ Tweet មួយថា លោកពិតជារំភើបក្នុងការប្រកាសថា លោកបានស្វែងរកឃើញ CEO ថ្មីសម្រាប់ X/Twitter ដែលនាងនឹងចូលមកធ្វើការនៅក្នុងពេល ៦សប្តាហ៍ខាងមុខនេះ។ ក្រៅពីនោះ លោក Elon Musk បាននិយាយថា លោកនឹងផ្លាស់ប្តូរតួនាទីទៅជាប្រធានផ្នែកបច្ចេកវិទ្យានៃ Twitter ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះផងដែរ។

សូមជម្រាបថា លោក Elon Musk បានទទួលតួនាទីជានាយកប្រតិបត្តិនៃក្រុមហ៊ុន Twitter ចាប់តាំងពីពេលដែលលោកបានទិញក្រុមហ៊ុនបណ្ដាញសង្គមនេះក្នុងតម្លៃ៤៤ពាន់លានដុល្លារកាលពីខែតុលា ឆ្នាំ២០២២ ហើយលោកក៏ធ្លាប់បានប្រកាសថាលោកនឹងលាឈប់ពីតំណែង CEO វិញនៅពេលលោករកបានបុគ្គលល្ងង់ណាម្នាក់ដែលស័ក្តិសមនឹងតួនាទីនេះ៕