ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលចុះឈ្មោះយកសំបុត្រកន្លងមក អាចប្ដូរយកបណ្ណថ្មី ដើម្បីទស្សនាពិធីបិទផ្លូវការព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMSOC-CAMAPGOC) បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានចុះឈ្មោះ និងបានយកសំបុត្រសម្រាប់ពិធីបិទនាពេលកន្លងមក គឺអាចប្ដូរយកបណ្ណចូលទស្សនាថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ។

សូមបញ្ជាក់ថា ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាថ្ងៃទី១៧ ខែឧសភាខាងមុខ នឹងប្រព្រឹទ្ធទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្ដាប្រទេសជាតិមិត្ដ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត ភ្ញៀវជាតិ-អន្ដរជាតិ និងមហាជនយ៉ាងច្រើនកុះករ៕