សម្តេចតេជោ ហ៊ុន សែន កំពុងតាមរកនាឡិកាមួយគ្រឿងដែលប្ដូរជាមួយសម្ដេច ជា ស៊ីម
ភ្នំពេញ៖ តាមរយៈបណ្តាញ Facebook និង Telegram នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអំពីការខិតខំស្វែងរកនាឡិកាដៃរបស់សម្តេច ដែលធ្លាប់ពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ ហើយក្រោមនៅឆ្នាំ១៩៨២ សម្តេចបានដូរជាមួយសម្តេច ជា ស៊ីម។
សម្ដេចតេជោបានលើកឡើងថា សម្ដេចនៅតែខិតខំស្វែងរកនាឡិកាដែលសម្ដេចបានពាក់នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះលើបណ្ដាញទំនាក់ទំនងតេឡេក្រាមរបស់សម្ដេចថា៖ «បានត្រឹមរូបថត!ខ្ញុំបានខិតខំស្វែងរកនាឡិកាដែលខ្ញុំពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ ហើយមកដូរជាមួយបងជា ស៊ីម ក្នុងឆ្នាំ១៩៨២»។
សម្រាប់តេជោបានរំលឹកថាសម្ដេចបានទទួលរូបថតបីសន្លឹកនេះពីបណ្ដាញសង្គម ដោយបានរំលឹកថានៅក្នុងរូបថតនេះមាននាឡិកាដែលពាក់នៅដៃក្នុងរូបថតនេះគឺជានាឡិកាដែលសម្ដេចកំពង់ស្វែងរក។
សម្ដេចបានលើកឡើងថាដោយសារតែនាឡិកានេះហើយបានជួយសម្ដេចរួចផុតពីការដាក់ទណ្ឌកម្មពីព្រះសង្ឃក៏ដូចជាជួយសម្ដេចក្នុងដំណើរដ៏វែងឆ្ងាយរហូតក្លាយជារដ្ឋមន្ត្រីការបរទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៩។
សម្ដេចថា៖ «នាឡិកានេះមានប្រវត្តិវែងឆ្ងាយតាំងពីខ្ញុំនៅជាក្មេងវត្ត។ប្រហែលចុងឆ្នាំ១៩៦៩ឬដើមឆ្នាំ១៩៧០ដោយសារព្រះសង្ឃស្តីបន្ទោសរឿងយកចង្ហាន់យឺត ខ្ញុំសម្រេចបោកកូនជ្រូកយកប្រាក់សន្សំបានប្រាក់ជាង៥០០០រៀលយកទៅទិញនាឡិកាម៉ាកទីតូនីមួយគ្រឿង។ ប្រហែលដើមខែមិនា១៩៧០ខ្ញុំបានយកនាឡិកានេះទៅប្តូរជាមួយហាងនាឡិកានៅស្រុកមេមត់ដោយយកម៉ាកទីតូនីដែលមានតម្លៃខ្ពស់ជាងរហូតដល់៨៧០០រៀលលុយជំនាន់នោះ(មាសមួយដំឡឹងតម្លៃ៣២០០រៀល)។ ដូចនេះនាឡិកានេះមានតម្លៃស្មើនិងជាង២ដំឡឹងមាសនាពេលនោះ។នាឡិកានេះបានជួយខ្ញុំច្រើនមិនឲ្យលោកស្តីបន្ទោសរឿងយកចង្ហាន់យឺតពិសេសបំរើការក្នុងកងទ័ពរហូតជារដ្ឋក្រសួងការបរទេស១៩៧៩.១៩៨០និងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស ១៩៨១-១៩៨២ មុនពេលប្តូរនាឡិកានេះជាមួយបងជា សុីមក្នុងឆ្នាំ១៩៨២»។
សម្ដេចតេជោគឺជាមនុស្សម្នាក់ដែលស្រឡាញ់នៅនាឡិកា សម្ដេចមាននាឡិកាជាច្រើនដែលមានតម្លៃខ្ទង់រាប់លានដុល្លារផងដែរ។ ក្នុងពេលដែលសម្ដេចជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចក៏បានឲ្យក្រុមហ៊ុនកម្ពុជាមួយផលិតនាឡិកាសម្រាប់ផ្ដល់ជូនមេដឹកនាំអាស៊ាននិងមេដឹកនាំពិភពលោកដែលមកចូលរួមក្នុងកិច្ចប្រជុំនេះផងដែរដែលមួយគ្រឿងមានតម្លៃប្រមាណ ២៥ពាន់ដុល្លារ៕