មនុស្សប្រមាណ២០០,០០០នាក់ បានរត់ភៀសខ្លួនចេញពីស៊ូដង់់ ក្រោយការប្រយុទ្ធគ្នាជិតមួយខែមកនេះ

ហ្សឺណែវ៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រនេះបានឱ្យដឹងថា មនុស្សប្រមាណជា​២០០,០០០នាក់ហើយ ដែលបាននាំគ្នាភៀសខ្លួនចេញពីស៊ូដង់ ដើម្បីរត់គេចពីការប្រយុទ្ធគ្នាដ៏ក្តៅគគុក ដែលបានផ្ទុះឡើងកាលពីពាក់កណ្តាល ខែមេសា ហើយមិនតែប៉ុណ្ណោះនៅមានមនុស្សរាប់សែននាក់​ផ្សេងទៀត ដែលបានខ្ចាត់ព្រាត់ពីផ្ទះសម្បែងនៅក្នុងប្រទេសផ្ទាល់។

លោកស្រី អូលហ្កា សារ៉ាដូ (Olga Sarrado) អ្នកនាំពាក្យទីភ្នាក់ងារជនភៀសខ្លួនរបស់ UN គឺ UNHCR បាននិយាយដូច្នេះថា «ស្របពេល​ដែលអំពើហិង្សានៅស៊ូដង់បន្តដល់សប្តាហ៍ទី៤ ជនភៀសខ្លួនកើនដល់ចំនួនប្រហែល២០០,០០០នាក់ ត្រូវបានបង្ខំឱ្យរត់ចាកចេញពីប្រទេសនេះ ហើយជារៀងរាល់ថ្ងៃ នៅមានប្រជាជនស៊ូដង់បន្តបន្ទាប់ទៀត ដែលធ្វើដំណើរឆ្លងព្រំដែនដើម្បីស្វែងរកកន្លែងសុវត្ថិភាព»។

យោងតាមការឱ្យដឹងក្នុងសប្តាហ៍នេះ របស់ UNHCR ប្រជាជនជាង៧០០,០០០នាក់ផ្សេងទៀត ក៏បានព្រាត់ប្រាសពីផ្ទះសម្បែងនៅក្នុងស៊ូដង់ផ្ទាល់ផងដែរ ដោយសារតែការប្រយុទ្ធគ្នាដណ្តើមអំណាចរវាងកងទ័ពស៊ូដង់ ហើយនិងកងកម្លាំងទាហានប៉ារ៉ា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែមេសា និងបានបន្តផ្តាច់ជីវិតមនុស្សកើនដល់ជាង ៧៥០នាក់ និងបង្កឱ្យរបួសយ៉ាងហោច ៥,០០០នាក់៕