បណ្ឌិត ហ៊ុន ម៉ាណែត៖ វិស័យឯកជន គឺជាតួអង្គស្នូលដ៏សំខាន់បំផុត ពីព្រោះការរីកចម្រើនរបស់វិស័យឯកជន គឺជាការរីកចម្រើនរបស់សង្គមជាតិទាំងមូល

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលយល់ច្បាស់ថា វិស័យឯកជន គឺជាតួអង្គស្នូលដ៏សំខាន់បំផុត ពីព្រោះការរីកចម្រើនរបស់វិស័យឯកជន គឺជាការរីកចម្រើនរបស់សង្គមជាតិទាំងមូល។

ក្នុងឱកាសអញ្ជើញពិសាអាហារពេលល្ងាច ជាមួយសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ទូទាំងប្រទេស ព្រមទាំងប្រធានក្រុមហ៊ុន និងអាជីវករ ប្រមាណជាង២៥០០នាក់ នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងខិតខំបង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាឱ្យវិស័យឯកជនអាចដំណើរការអាជីវកម្មក្នុងបរិស្ថានល្អប្រសើរ និងអំណោយផល តាមរយៈ៖ ទី១៖ ការសម្រួលនីតិវិធីនានាពាក់ព័ន្ធនឹងការធ្វើធុរកិច្ច និង វិនិយោគ។ ទី២៖ ការទាញយកប្រយោជន៍ឲ្យកាន់តែច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានចុះហត្ថលេខា ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-សាធារណរដ្ឋកូរ៉េ និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម និងទី៣៖ ការបន្តពង្រឹងបន្ថែមប្រព័ន្ធឡូជីស្ទីកតាមរយៈការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជា៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត និងការប្រែក្លាយតំបន់មាត់សមុទ្រទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។

ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មកម្ពុជា ដែលបានរៀបចំពិធីពិសាអាហារល្ងាចជាមួយនឹងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ទូទាំងប្រទេស ដែលជាការជួបជុំប្រកបដោយអត្ថន័យ និងសូមសម្តែងនូវការអបអរសាទរជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ព្រមទាំងប្រធានសភាពាណិជ្ជកម្មខេត្តទាំងអស់ ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥ ឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត សូមសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មកម្ពុជា, សភាពាណិជ្ជកម្មតាមបណ្តាខេត្ត ព្រមទាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ដែលកន្លងមកបានចូលរួមលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការគាំទ្រសហគមន៍ធុរកិច្ច, ការបង្កើតឱកាសនៃទំនាក់ទំនងក្នុងបណ្តាញធុរកិច្ចជាតិ-អន្តរជាតិ, ការជំរុញពាណិជ្ជកម្ម និងវិនិយោគ, ការផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា និងរួមទាំងការតភ្ជាប់មិត្តភាព និងសាមគ្គីភាពរវាងខ្មែរក្នុងស្រុក និងក្រៅស្រុក។

មួយវិញទៀត ក្នុងនាមជាលេខាធិការដ្ឋាន នៃក្រុមការងារផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, សភាពាណិជ្ជកម្មកម្ពុជាក៏បានបំពេញតួនាទីយ៉ាងមានប្រសិទ្ធភាពក្នុងការជំរុញឱ្យយន្តការមួយនេះរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យសម្រាប់ការដោះស្រាយបញ្ហាប្រឈម, ការលើកស្ទួយសហគមន៍ធុរកិច្ច និងការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។ ក្នុងន័យនេះ សភាពាណិជ្ជកម្មកម្ពុជា គឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈដែលរាជរដ្ឋាភិបាលនឹងកាន់តែផ្តោតលើការអភិវឌ្ឍវិស័យឯកជន ព្រមជាមួយនឹងការខិតខំទាក់ទាញវិនិយោគក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់៕