ពលករខ្មែរនៅប្រទេសថៃរាបពាន់នាក់ចូលរួមជីវភាពនយោបាយ និងគាំទ្រគណបក្សប្រជាជនកម្ពុជា
ប្រទេសថៃ៖ គណបក្សប្រជាជនកម្ពុជាទទួលបានសមាជិករាប់ពាន់នាក់ ដែលជាពលករខ្មែរ និងអ្នកប្រកបរបរផ្សេងទៀតនៅប្រទេសថៃ ដោយជឿជាក់លើប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាពសម្រាប់ប្រជាជន។
ពិធីទទួលសមាជិកបន្ថែមនេះធ្វើឡើងក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ឯកឧត្តម អ៊ិត សំហេង នៅប្រទេសថៃ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។
សមាជិកបក្សប្រជាជនម្នាក់ លោក ឈុំ ឧត្តម បានលើកឡើងថា លោកធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន តែដោយសារគណបក្សទាំងនោះអសកម្ម មិនយកចិត្តទុកដាក់ចំពោះសមាជិក មិននៅខាងសន្តិភាព តែងតែមានរឿងអាស្រូវ មិនសមជាគណបក្សដឹកនាំប្រទេសឡើយ។
លោកបានឱ្យដឹងទៀតថា ដោយអស់ជំនឿជាមួយគណបក្សមុនៗនេះហើយ ទើបលោកនិងគ្រួសារសម្រេចចាកចេញ ហើយមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ហើយគុណសម្បត្តិដែលលោកពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន គឺតែងគិតគូរយកចិត្តទុកដាក់ចំពោះការថែរក្សាសន្តិភាព ស្ថិរភាព និងខិតខំអភិវឌ្ឍប្រទេសជាតិ ព្រមទាំងផ្ដល់ការយកចិត្តទុកដាក់ចំពោះលោកដែលជាពលករនៅក្រៅប្រទេស។
លោក សន ចំរើន សមាជិកបក្សនៅខេត្តឆៈឈើងសៅដែរនោះ បានប្ដេជ្ញានឹងចូលរួមធ្វើសកម្មភាពដើម្បីជាប្រយោជន៍ជូនគណបក្ស និងអំពាវនាវឱ្យមានការគាំទ្រគណបក្ស កសាងកម្លាំងគណបក្សនៅប្រទេសថៃបន្តទៀត ព្រោះមានតែគណបក្សប្រជាជនកម្ពុជាទេដែលជាក្ដីសង្ឃឹម ផ្ដល់ការជឿជាក់សម្រាប់ប្រជាជនបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយ។
ឯកឧត្តម អ៊ិត សំហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងអំពីសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានដើម្បីបុព្វហេតុជាតិ និងប្រជាជនគ្រប់កាលៈទេសៈ និងបានផ្ដាំផ្ញើដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវខិតខំប្រមូលកម្លាំងសាមគ្គីចូលរួមជាមួយគណបក្ស បង្កើតកម្លាំងឯកភាពជាតិ ពិសេសត្រូវប្រព្រឹត្តអំពើល្អ សាមគ្គីភាព ឯកភាព ជួយគ្នាទៅវិញទៅមក ស្របតាមទិសស្លោក «រក្សាចាស់ បន្ថែមថ្មី»។
ជាមួយគ្នានវ ឯកឧត្តមក៏បានអំពាវនាវឱ្យសមាជិកបក្សដែលនៅប្រទេសថៃដែលមានឈ្មោះបោះឆ្នាត ទៅចូលរួមបោះឆ្នោត នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និង លើកទឹកចិត្តដល់សមាជិកបក្សប្រជាជននៅប្រទេសថៃចូលរួមថែរក្សាការពារសន្តិភាពដែលរកបានដោយលំបាកនេះ ទោះបីកំពុងរស់នៅនិងបំពេញការងារនៅក្រៅប្រទេសក៏ដោយ ព្រោះនេះគឺដើម្បីការរស់នៅប្រកបដោយភាពសុខសាន្តសម្រាប់កូនចៅជំនាន់ក្រោយ។
ក្នុងឱកាសនោះដែរ តំណាងសមាជិកបក្សរាប់ពាន់នាក់ បានបង្ហាញការពេញចិត្តយ៉ាងពេញទំហឹងក្នុងការចូលរួមជីវភាពនយោបាយ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ពិសេសគឺគាំទ្រសម្ដេចតេជោ ហ៊ុន សែន និងអ្នកបន្តវេនពោរពេញដោយសមត្ថភាពរបស់គណបក្ស គឺឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៕