រដ្ឋបាលខេត្តកែប និមន្តព្រះសង្ឃ សូត្រមន្តចម្រើនព្រះបរិត្ត ថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៧០ យាងចូល៧១ព្រះវស្សា

ខេត្តកែប៖ រដ្ឋបាលខេត្តកែប នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះ បានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧០ យាងចូល ៧១ព្រះវស្សា ក្រោមអធិបតីភាព​ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមយុវជន ជាច្រើនរូបទៀត។

បន្ទាប់ពីឧត្តម ថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញ ឡើងគោរព និងថ្វាយព្រះពរជ័យ នៅពីមុខព្រះបរមឆាយាល័ក្ខ ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារួយមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអានសារលិខិតថ្វាយព្រះពរ ដែលមានខ្លឹមសារដូចខាងក្រោម ៖

ក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា ទូលព្រះបង្គំតាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស និង ប្រជាពលរដ្ឋទូទាំងខេត្តកែប សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរសាទរយ៉ាងក្រៃលែង ប្រកបដោយស្វាមីភក្ត្រ ដ៏ស្មោះស្ម័គ្របំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ។

ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអភិវន្ទនកិច្ចប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅចំពោះ ព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលក្រោម ព្រះបារមីដ៏ពិសិដ្ឋរបស់ព្រះអង្គ បានប្រោសព្រះរាជទាននូវសុខសន្តិភាព វិបុលភាព ការអភិវឌ្ឍ និងសេចក្តីសុខ ក្សេមក្សាន្តសម្រាប់សង្គមជាតិ និងប្រជារាស្ត្រ ។ ទន្ទឹមនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គតែងសព្វ ព្រះរាជហឫទ័យយកអស់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ បំពេញព្រះរាជបេសកកម្ម និងព្រះរាជបូជនីយកិច្ច ក្នុងបុព្វហេតុដ៏ឧត្ដុង្គឧត្តមនៃជាតិមាតុភូមិ ធានាបានយ៉ាងរឹងមាំនូវឯករាជ្យ ឯកភាពជាតិ កិត្យានុភាព អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។

នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវ័សាលនេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏សុខដុមសម្រាប់ប្រជារាស្ត្រ ខ្មែរ ជានិច្ចនិរន្តរ៍តរៀងទៅ ។

សូម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក កម្ពុជា ទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីភាពដ៏ស្មោះស្ម័គ្រ និងខ្ពង់ខ្ពស់បំផុត ពីទូលព្រះបង្គំ។

បន្ទាប់មកអង្គពិធីទាំងមូលបាន រៀបចំពិធីរាប់បាតព្រះសង្ឃចំនួន៧១ អង្គ មកពីវត្តនានា ទូទាំងខេត្តកែប ជាកិច្ចបញ្ចប់ពិធីផងដែរ៕ ដោយ៖ ទ្រី ហៀន