ផ្អាកលក់-ពិសាគ្រឿងស្រវឹង ក្នុងថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញសារាចរណែនាំស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ ពោលគឺថ្ងៃទី២២ គឺថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០២៣។

សេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ចេញនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ គឺដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការ បំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើងដោយសារតែការពិសាគ្រឿងស្រវឹង ក៏ដូចជាការអនុលោមតាមច្បាប់បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ក្រសួងបានណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន នៅទូទាំងរាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល២ថ្ងៃ គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ដែលផ្តល់សេវាកម្មម្ហូបអាហារក៏ត្រូវផ្អាកសកម្មភាព ការលក់ដូរគ្រឿងស្រវឹងរយៈពេល ២ថ្ងៃដូចគ្នា។

ជាមួយគ្នានេះដែរ ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍ ឱ្យអនុវត្តតាមសារាចរណែនាំនេះឱ្យមានប្រសិទ្ឋភាព និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានាដែលអាចបណ្ដាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ។

សូមជម្រាបថា កម្ពុជាបានកំណត់រៀបចំដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕