ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អញ្ជើញចែកអាវភ្លៀង ដល់កងកម្លាំងប្រដាប់អាវុធឈរជើងក្នុងសាស្ត្រយោធភូមិភាគទី៣

ខេត្តកំពង់ស្ពឺ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងនាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចុះចែកអាវភ្លៀងដល់កងកម្លាំងប្រដាប់អាវុធឈរជើងក្នុងសាស្ត្រយោធភូមិភាគទី៣។

មានប្រសាសន៍ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិតបានដាស់តឿនដល់យុទ្ធជនត្រូវខិតខំការពារ និងថែរក្សាបូរណភាពទឹកដី ពិសេសទប់ស្កាត់ក្រុមជ្រុលនិយមដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងថា សម្តេចនាយករដ្ឋមន្ត្រីតែងគិតគូរសុខទុក្ខយុទ្ធជន/យុទ្ធនារីដែលធ្លាប់តស៊ូការពារបូរណភាពទឹកដី ហើយរៀងរាល់រដូវវស្សា និងរដូវរងារ សម្តេចនាយករដ្ឋមន្ត្រីតែងតែចែកអាវភ្លៀង និងអាវរងាដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយ៉ាងទៀងទាត់ ដើម្បីឆ្លើយតបទៅនិងតម្រូវការក្នុងការបំពេញភារកិច្ច និងធានាដល់សុខមាលភាពរបស់កងកម្លាំងទាំងអស់។

ឧត្តមសេនីយ៍ឯកបន្តថា ផ្តើមចេញពីការយកចិត្តទុកដាក់លើគ្រប់វិស័យ និងគ្រប់ពេលវេលាកន្លងមករបស់សម្ដេចនាយករដ្ឋមន្ត្រី មិនចង់បានអ្វីក្រៅតែឲ្យកងកម្លាំងទាំងអស់ប្រឹងប្រែងបំពេញភារកិច្ចស្នូលរបស់ខ្លួននៅតាមអង្គភាពនានា និយាយជារួមការពារសន្តិភាពជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋឲ្យបានដាច់ខាត ការពាររដ្ឋធម្មនុញ្ញ ការពារបាវចនាជាតិ ការពាររដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោត។

ឧត្តមសេនីយ៍ឯកបានសង្កត់ធន់ថា យុទ្ធជនត្រូវខិតខំការពារ និងថែរក្សាបូរណភាពទឹកដី ទប់ស្កាត់ក្រុមជ្រុលនិយមមានបំណងម្តងហើយម្តងទៀតផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើប្រាស់រូបភាពបដិវត្តពណ៌៕