ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ និងឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នងពិធីសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តកណ្តាលរយៈពេល៥ឆ្នំា (២០១៨-២០២៣)

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ  ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តកណ្ដាលរយៈពេល៥ឆ្នាំ (២០១៨-២០២៣) កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត។

នៅក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងថា សុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត និង ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់ មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យប្រកបដោយចីរភាព និងបរិយាប័ន្ន។

ឯកឧត្តមអភិបាលខេត្តថ្លែងបន្តថា តាមសង្ឃដីការព្រះវិន័យធរគុណខេត្ត គឺខេត្តកណ្តាលមានសម្ដេចព្រះកិត្តិយស២អង្គ ព្រះរាជាគណៈថ្នាក់ទោ៣អង្គ ព្រះរាជាគណៈថ្នាក់ចត្វា១អង្គ ព្រះរាជាគណៈថ្នាក់កិត្តិយស៧២អង្គ មន្ត្រីសង្ឃ ខេត្ត៦អង្គ ព្រះអនុគណក្រុង-ស្រុក១១អង្គ ព្រះគ្រូ១៥៣អង្គ និងជំនួយការសាលាគុណខេត្ត ៤អង្គ ។

ឯកឧត្តមថ្លែងថា គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញសង្ឃប្រកាសស្តីពី ការកំណត់បែងចែកភារកិច្ច ព្រះមន្ត្រីសង្ឃខេត្ត-រាជធានី ស្រុក-ខណ្ឌ-ក្រុង និងវត្ត ដើម្បីសម្រួលការងារសាលាគុណ សាលាអនុគណ និងវត្ត ពង្រីកការអនុវត្តការងាររបស់មន្ត្រីសង្ឃ ធានាគុណភាព ប្រសិទ្ធភាពការងាររបស់គណៈសង្ឃ ។

ក្រៅពីការងារក្នុងវិស័យព្រះពុទ្ធសាសនា ព្រះសង្ឃក៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើនដូចជា បានជួយកសាងផ្លូវថ្នល់ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងការងារសង្គមកិច្ចមានដូចជា ការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ ដល់ពុទ្ធបរិស័ទ ជាពិសេសបានរួមចំណែកដោយស្មោះស្ម័គ្រជាមួយកាកបាទក្រហមកម្ពុជា និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពជន ចាស់ជរា ស្ត្រី និងកុមារនៅទូទាំងខេត្ត ។

ឯកឧត្តម គង់ សោភ័ណ្ឌ ថ្លែងបញ្ជាក់ថា ពិធីសន្និបាតមន្ត្រីសង្ឃគណៈមហានិកាយទូទាំងខេត្តកណ្តាល ដែលប្រារព្ធធ្វើឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីពិនិត្យមើលសិក្សា និងវាយតមៃ្លទៅលើលទ្ធផលនៃការអនុវត្តសង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃក្នុងឆ្នាំកន្លងទៅ ជាពិសេស ដើម្បីពិនិត្យ ពិភាក្សាផ្លាស់ប្ដូរយោបល់លើការងារក្នុងវិស័យពុទ្ធសាសនា សំដៅពង្រឹងគុណភាពលើអភិបាលកិច្ច គ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ និងរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងរបស់មន្ត្រីសង្ឃ ការបដិបត្តិធម៌វិន័យ របស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ការលើកកំពស់ការអប់រំចរិយាធម៌ សីលធម៌សង្គម និងការពង្រឹង គុណភាពពុទ្ធិកសិក្សា ដើម្បីអភិវឌ្ឍន៍ធនធានបព្វជិតពុទ្ធសាសនិក ធានាបាននូវការលើកកំពស់ កិត្យានុភាពព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ព្រមទាំងពង្រឹង តួនាទីភារកិច្ចរបស់ព្រះសង្ឃ ក្នុងការចូលរួមការងារអប់រំសីលធម៌ក្នុងសង្គម ជាពិសេស ការរួមចំណែកក្នុងការអនុវត្តកម្មវីធីគោល នយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៤ ដើម្បី កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ៕