លិចទូកនេសាទចិន នៅមហាសមុទ្រឥណ្ឌា មនុស្ស ៣៩នាក់បាត់ខ្លួន
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃពុធនេះ បានរាយការណ៍ថា ទូកនេសាទចិនមួយគ្រឿង បានលិចនៅឯមហាសមុទ្រឥណ្ឌា ដោយធ្វើឱ្យមនុស្ស ៣៩នាក់បាត់ខ្លួន ខណៈប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះកំពុងធ្វើឡើង។
បើតាមទូរទស្សន៍រដ្ឋចិន CCTV បានឲ្យដឹងថា ទូកនេសាទខាងលើគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុម Penglai Jinglu Fishery និងបានលិចនៅម៉ោងប្រហែល ៣ទៀបភ្លឺ កាលពីថ្ងៃអង្គារ (ម៉ោងនៅប៉េកាំង)។ ក្រុមអ្នកជួយសង្រ្គោះមកពីអូស្ត្រាលី និងប្រទេសជាច្រើនបានទៅដល់កន្លែងកើតហេតុ ហើយចិនក៏បានបញ្ជូននាវាចំនួន ២គ្រឿង ចូលរួមក្នុងប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះផងដែរ។
CCTV រាយការណ៍ថា មកទល់នឹងម៉ោងនេះ មិនមានមនុស្សបាត់ខ្លួនណាម្នាក់ត្រូវបានរកឃើញនោះទេ ហើយប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចេញបញ្ជាឱ្យបើកប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ។ CCTV បានឱ្យដឹងទៀតថា នៅក្នុងចំណោមមនុស្ស ៣៩នាក់ដែលបានបាត់ខ្លួន ក្នុងនោះមានជនជាតិចិន១៧នាក់ ឥណ្ឌូណេស៊ី១៧នាក់ និងហ្វីលីពីន៥នាក់៕