ប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់ក្របួចចោរ០២នាក់ឲ្យសមត្ថកិច្ច

ខេត្តស្វាយរៀង៖ ចោរ០២នាក់បានមកធ្វើសកម្មភាពលួចម៉ូតូ ហើយត្រូវម្ចាស់ម៉ូតូបានឃើញ ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាដេញពទ្ធ័ចាប់បានទាំង០២នាក់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៧ និង៣៥នាទីយប់ថ្ងៃទី១៦ ខែឧសភា២០២៣ នៅភូមិប្រសូតិទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះម្ចាស់ម៉ូតូបានទុកម៉ូតូនៅក្នុងផ្ទះ ហើយបានចូលដេក មួយភ្លែត ស្រាប់តែឃើញជនសង្ស័យ០២នាក់ចូលមកលួចម៉ូតូ របស់ខ្លួនក៏ស្រែកឆោឡោ ឲ្យអ្នកស្រុកជួយ ខណៈនោះប្រជាពលរដ្ឋក៏បាននាំគ្នាស្រែកដេញព័ទ្ធចាប់បានជនសង្ស័យទាំង២នាក់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ប្រភពបន្តថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះអ៊ូសាខន ភេទប្រុស អាយុ៤៥ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។ប្រភពបន្តទៀតថា ក្រោយពីសមត្ថកិច្ចយើងទទួលបានព័ត៏មាននេះភ្លាម ក៏បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ហើយបានឃើញជនសង្ស័យចំនួន០២នាក់ ត្រូវប្រជាពលរដ្ឋចាប់ក្របួចជាប់ ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចក៏បាននាំជនសង្ស័យទាំងពីនាក់យកទៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីសាកសួរ។

ជនសង្ស័យទី១,ឈ្មោះយង់ ឡាង ភេទប្រុសអាយុ២២ឆ្នាំមុខរបរកម្មករសំណង់នៅក្រុងបាវិត មានស្រុកកំណើតនៅភូមិឡឥដ្ឋឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ជាអ្នកចូលលួចម៉ូតូ។ទី ២,ឈ្មោះសោម វណ្ណះ ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរកម្មករសំណង់ នៅក្រុងបាវិតរស់នៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ជាអ្នកឌុបទំលាក់(ជនសង្ស័យទាំងពីនាក់ជិះម៉ូតូឌុបគ្នាស្វែងរកលួចម៉ូតូអ្នកស្រុក)លួចទាំងក្បាលប្រលប់ មានអីម្ចាស់គេទាន់ក្របួចជាប់។

នៅចំពោះមុខសមត្ថកិច្ចយើងជនសង្ស័យបានឆ្លើយសារភាពថា:ពួកខ្លួនពិតជាបានរួមគំនិតគ្នាចូលលួចយកម៉ូតូរបស់ឈ្មោះអ៊ូ សាខន ពិតមែនគឺម៉ូតូម៉ាកហុងដាសេ១២៥ ពណ៏ខ្មៅផលិតឆ្នាំ២០២៣ពាក់ស្លាកលេខស្វាយរៀង1T-6794 លេខតួនិងលេខម៉ាស៊ីន០០៣៤៥៦៩ សមត្ថកិច្ចបានប្រគល់ឲ្យម្ចាស់ម៉ូតូវិញ។ចំណែកជនសង្ស័យទាំងពីនាក់ លោកអធិការនគរបាលស្រុកស្វាយទាប សុំការអនុញាតពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងដើម្បីឃាត់ខ្លួនជនសង្ស័យទាំង០២នាក់កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តចាត់ការតាមនិតិវីធីច្បាប់៕