សម្ដេចតេជោ ហ៊ុន សែន ៖ ស៊ីហ្គេមបញ្ជាក់ពីគុណសម្បត្តិនៃសន្តិភាពនៅកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការរៀបចំស៊ីហ្គេមប្រកបដោយជោគជ័យរបស់កម្ពុជាគឺបានឆ្លោះបញ្ចាំងនូវពាក្យស្លោកមួយដែលបានលើកឡើងថា កីឡារស់នៅក្រោមសន្តិភាព។

ថ្លែងនៅក្នុងពិធីបិទស៊ីហ្គេមនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ថាសន្តិភាពបាននាំអោយកម្ពុជាអាចរៀបចំការប្រកួត SEA Games ជាលើកដំបូងនៅក្នុងប្រទេសបានដោយជោគជ័យ។

សម្ដេចក៏បានអំពាវនាឲ្យប្រជាពលរដ្ឋចូលរួមជាមួយនឹងរដ្ឋាភិបាលក្នុងការការពារសន្តិភាពនៅកម្ពុជាកំពុងតែមាននេះផងដែរ។

សូមជម្រាបថា ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។

ស៊ីហ្គេមចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕