នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងទៀត ដឹកភ្ញៀវទេសចរជាង១ពាន់នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ Costa Serena សញ្ជាតិអ៊ីតាលី ដឹកភ្ញៀវទេសចរចំនួន១,៦៧១នាក់ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ ដើម្បីចូលទស្សនាតំបន់ទេសចរណ៍មួយចំនួន។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ បានឲ្យដឹងថា នាវាទេសចរណ៍ សញ្ជាតិអ៊ីតាលីខាងលើ មានបណ្ដោយប្រវែង២៩០.២០ម៉ែត្រ និងទទឹងមានប្រវែង៣៥.៥០ម៉ែត្រ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ មានចំនួនភ្ញៀវ១,៦៧១នាក់ ស្រី៧៩១នាក់ មានចំនួន៣៧សញ្ជាតិ នាវិកចំនួន១,០៦១នាក់ ស្រី១៧៤នាក់ មានចំនួន៣៣សញ្ជាតិ ក្នុងនោះចំនួនសញ្ជាតិដែលមានច្រើនជាងគេគឺ ជនជាតិថៃមាន៤៦២នាក់ និងចិន២៨នាក់។

នាវា Costa Serena នេះបានធ្វើដំណើមកពីប្រទេសថៃ និងចាកចេញពីកំពង់ផែក្រុងព្រះសីហនុ ទៅកាន់ប្រទេសថៃវិញនៅវេលាម៉ោង១២៖០០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ៕ ដោយ៖ ទឹង សុភាព