សម្តេចតេជោ៖ លុយអាចចាយអស់ ប៉ុន្តែកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ជាតិ មិនចាយអស់ទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា លុយអាចចាយអស់ ប៉ុន្តែកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ជាតិ មិនចាយអស់ទេ។

សម្តេចតេជោ បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យសុខាភិបាល ជាង១ពាន់នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។ សម្តេចបានគិតថា សម្តេចសម្រេចចិត្តត្រូវ សម្រេចចិត្តត្រូវត្រង់ថា យើងធ្វើជាម្ចាស់ផ្ទះ ដោយការទទួលខុសត្រូវ ហើយ ដោយក្នុងនោះ ចាប់ផ្ដើមយកគំនិតផ្ដួចផ្ដើម ស្ដីអំពីសមាហរណកម្មអាស៊ានមួយផ្នែក បញ្ចូលមក តាមរយៈការមិនបង់ថ្លៃ។

សម្តេចបន្តថា យើងបានឆ្លងផុតនៅដំណាក់កាលនេះ ដោយការទទួលខុសត្រូវ ដោយមិនមានអ្នកណាម្នាក់ មានបញ្ហាកើតឡើង នៅក្នុងប្រទេសកម្ពុជាទេ។ ហើយរឿងនេះ ក៏វាជារឿងល្អ សម្រាប់ប្រទេសរបស់យើង។ សម្តេចថា កេរ្តីឈ្មោះ របស់កម្ពុជា វាសំខាន់ណាស់ វាបន្សល់ទុក មិនគ្រាន់តែមួយថ្ងៃ ពីរថ្ងៃ ឬមួយឆ្នាំ ពីរឆ្នាំទេ វាបន្សល់ទុក១០០ឆ្នាំ តទៅមុខទៀត សម្រាប់កិត្តិយសរបស់កម្ពុជា ។

សម្តេចបានរំលឹកទៅដល់ព្រឹត្តិការណ៍ ហ្គានីហ្វូ (ganifore) នៅកម្ពុជាដែលបានធ្វើតាំងពី ឆ្នាំ១៩៦៦ គឺបានបន្សល់ទុកកេរ្តិ៍ឈ្មោះ រហូតមកដល់ពេលនេះ បើទោះបីជាកម្ពុជា ឆ្លង កាត់សង្គ្រាម ឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ និងការផ្លាស់ប្ដូររបបច្រើន ក៏ប៉ុន្តែ ព្រះកិត្តិនាមរបស់អតីតព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ និងមុខមាត់កម្ពុជា នៅពេលនោះ បានរក្សាទុក មកដល់បច្ចុប្បន្ន៕