អ៊ុយក្រែន ប្រាប់បេសកជនចិន៖ ក្រុងកៀវនឹងមិនទទួលយកនូវសំណើបញ្ចប់សង្រ្គាម ដោយតម្រូវឱ្យអ៊ុយក្រែនប្រគល់ទឹកដីឱ្យរុស្ស៉ី​ឡើយ

កៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ប្រាប់បេសកជនពិសេសចិនថាទីក្រុងកៀវ នឹងមិនទទួលយកនូវសំណើណាមួយដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី ដោយតម្រូវឱ្យអ៊ុយក្រែនបោះបង់ចោលទឹកដីរបស់ខ្លួន ឬក៏ទុកឱ្យជម្លោះត្រឹមផ្អាកជាបណ្ដោះអាសន្ននោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានReuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣។

បើតាមក្រសួងការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) កាលពីថ្ងៃពុធសប្ដាហ៍នេះ បានពិភាក្សាជាមួយជាមួយលោក លី ហ៊ុយ (Li Hui) ដែលជាបេសកជនពិសេសចិនទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី និងជាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៉ី ពីមធ្យោបាយបិទបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី ដោយលោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងមិនទទួលយកសំណើណាមួយដែល តម្រូវឱ្យអ៊ុយក្រែនលះបង់ចោលទឹកដីរបស់ខ្លួន ឬក៏ត្រឹមតែឈានដល់បទឈប់បាញ់បណ្ដោះអាសន្នជាមួយរុស្ស៉ីនោះទេ។

ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងកាបរទេសអ៊ុយក្រែនបានគូសបញ្ជាក់ថា «ការស្ដារឡើងវិញនូវសន្តិសុខ ក្នុងប្រទេសអ៊ុយក្រែន គឺអាស្រ័យលើការគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន»។ ប៉ុន្តែ មិនមានសេចក្ដីរាយការណ៍ថាតើលោក លី បានឆ្លើយតបយ៉ាង ដូចម្ដេចចំពោះការលើកឡើងរបស់លោក គូលេបា នោះឡើយ។

សូមជម្រាបថា លោក លី ហ៊ុយ បានស្ថិតនៅក្នុងទីក្រុងកៀវ ពីថ្ងៃអង្គារ ដល់ថ្ងៃពុធ សប្ដាហ៍នេះ ដើម្បីលើកកម្ពស់ និងស្វែងរកការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ ទីក្រុងប៉េកាំង ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕