ប្រជាពលរដ្ឋ ២៩៥គ្រួសារនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ដាក់លិខិតគោរពចូល អភិបាលខេត្តព្រះសីហនុ ស្នើសុំកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើដោយអះអាងថា ពួកគាត់រស់នៅអាស្រ័យផលតាំងពីឆ្នាំ១៩៩៥

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋចំនួន ២៩៥គ្រួសាររស់នៅតំបន់តាលៈ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានដាក់លិខិតគោរពចូល ឯកឧត្តម គួច ចំរើន អអិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ តាមរយៈលោកមេឃុំរាម និងលោកអភិបាលស្រុកព្រៃនប់ ដោយមានកម្មវត្ថុស្នើសុំកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអះអាងថា ពួកគាត់បានរស់នៅអាស្រ័យផលតាំងពីឆ្នាំ១៩៩៥ (នេះបើតាមលិខិតចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដែលមានឈ្មោះ មុឹង ឃីន , ផាន់ ហេង , ងួន ធាន , ជឹង សារ៉ាត់ បានផ្តិតមេដៃជាតំណាងប្រជាពលរដ្ឋខាងលើ)។

ខ្លឹមសារនៃលិខិតបានរៀបរាប់ថា ដោយយោងតាមសេចក្តីជូនដំណឹងលេខ ២២០/២២ ចុះថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២ របស់សាលាខេត្តព្រះសីហនុ ស្តីពីការប្រកាសកំណត់តំបន់វិនិច្ឆ័យ(ការចុះបញ្ជីដីធ្លី មានលក្ខណៈប្រព័ន្ធ)នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុចាប់ពីថ្ងៃទី១០ ខែសីហាឆ្នាំ២០២២ ។

យោងតាមការជូនដំណឹងរបស់ គណៈកម្មាធិការ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តព្រះសីហនុ ស្តីពីការបិទបញ្ចប់ដំណើរការវាស់វែង នៃការប្រមូលទិន្ន័យចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាលើកចុងក្រោយនៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៣។

យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មការ កម្មវិធីអនុវិទ្យាល័យរដ្ធបាលដីធ្លី ខេត្តព្រះសីហនុ ស្តីពីការបន្តដំណើរការចុះវាស់វែង នៃការប្រមូលទិន្នន័យ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថកងៃទី៤ ខែមេសា ឆ្នាំ២០២៣។

ដោយឡែកនៅតំបន់តាលះ មានប្រជាពលរដ្ឋរស់នៅចំនួន ២៩៥គ្រួសារ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ដែលពុំទាន់ទទួលបានការវាស់វែងដីធ្លី ក្នុងការបានសិទ្ធិកាន់កាប់ដីធ្លី ដើម្បីអាស្រ័យផលស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលនូវឡើយ ដោយហេតុថា ដីតំបន់នេះបានស្ថិតនៅគម្រោងគម្របព្រៃឈើ ឆ្នាំ២០០២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អាស្រ័យហេតុនេះ សូម ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្ត មេត្តាពិនិត្យ និងជួយសម្រួលដើម្បីកាត់ឆ្វៀលដីចេញពីគម្រោងគម្របព្រៃឈើ ឆ្នាំ២០០២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីទទួលបានការវាស់វែង ទៅទទួលបានសិទ្ធិកាន់កាប់ក្នុងសហគមន៍ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក គឹម ចាន់ មេឃុំរាម បានឲ្យដឹងថា ចំពោះការស្នើសុំរបស់ប្រជាពលរដ្ឋប្រមាណជាង ២០០ គ្រួសារនេះ លោកបានឯកភាពបញ្ជូនសំណើរទៅកាន់រដ្ឋបាលស្រុកព្រៃនប់រួចហើយ ប៉ុន្តែលោកពុំទាន់ដឹងថា តើរដ្ឋបាលស្រុក បានបញ្ជូនសំណើនេះទៅកាន់រដ្ឋបាលខេត្ត ឬនៅនោះទេ៕ អត្ថបទ៖ ទឹង សុភាព