ចិនបានបិទគណនីព័ត៌មានក្លែងក្លាយជាង ១០ម៉ឺនគណនី ក្នុងរយៈពេលជាង១ខែ

បរទេស៖ និយតករអ៊ីនធឺណេតបាននិយាយថា ប្រទេសចិនបានបិទគណនីអនឡាញអស់ជាង១០ម៉ឺនគណនីដែលបានបំផុសបំផុលព័ត៌មានមិនពិត និងបានបង្កើតការយល់ច្រឡំចំពោះភ្នាក់ងារសារព័ត៌មាន រយៈពេលជាងមួយខែកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

រដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការណ៍បោសសម្អាតគណនីក្លែងក្លាយដែលបានបំផុសបំផុសព័ត៌មានមិនពិតនៅលើបណ្តាញសង្គម និងត្រូវបានបញ្ជាឱ្យបោសសម្អាតជាប្រចាំផងដែរ អាចថាជារៀងរាល់មួយខែម្តង ចំពោះការបង្ហោះឧបករណ៍ និងការប្រើប្រាស់ភាសាដែលខ្លួនចាត់ទុកថាមិនសមរម្យ និងជាការប្រមាថ ឬការគំរាមកំហែងដល់សាធារណជន និងអាជីវកម្មជាដើម។

យុទ្ធនាការពិសេសមួយដោយ Cyberspace Administration of China (CAC) ត្រូវបានចាប់ផ្តើមដើម្បីសម្អាតព័ត៌មានអនឡាញ ដោយផ្តោតលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលផ្សព្វផ្សាយ «ព័ត៌មានក្លែងក្លាយ» និងក្លែងបន្លំប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋ។

ប្រភពពីនិយតករចិនបាននិយាយថា ខ្លួនបានលុបគណនីសារព័ត៌មានចំនួន ១០៧,០០០គណនី នៃអង្គភាពព័ត៌ក្លែងក្លាយ បូករួមនឹងអត្ថបទព័ត៌មានមិនពិតប្រហែល៨៣៥,០០០អត្ថបទ ដែលត្រូវបានរកឃើញចាប់តាំងពីថ្ងៃទី០៦ ខែមេសាមកម្លេះ។

យោងតាម CAC បាននិយាយថា ការត្រួតពិនិត្យរបស់ខ្លួនបានរកឃើញគណនីដែលក្លែងខ្លួនធ្វើជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលមានការអនុញ្ញាត តាមរយៈការក្លែងបន្លំឈុតឆាកស្ទូឌីយោព័ត៌មាន និងធ្វើត្រាប់តាមអ្នកផ្សាយព័ត៌មានអាជីពដោយប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតរូបនិម្មិតដើម្បីបំភាន់សាធារណជន។

យោងតាមសេចក្តីថ្លែងការណ៍របស់ CAC ដែលបានបង្ហោះកាលពីថ្ងៃចន្ទនៅលើគេហទំព័ររបស់ខ្លួនបានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយដែលត្រូវបានកំណត់អត្តសញ្ញាណបានគ្របដណ្តប់លើប្រធានបទក្តៅដូចជាឧប្បត្តិហេតុសង្គម និងកិច្ចការអន្តរជាតិដែលកំពុងកើតឡើងបច្ចុប្បន្ន៕