មាន់ និងព្រាបអត់ប៉ាស្ព័រឆ្លងដែនតាមច្រកក្រសាំងជ្រំមកខ្មែរ ត្រូវបានសមត្ថកិច្ចជំនាញស្ទាក់ចាប់បាន

ខេត្តស្វាយរៀង៖ ឈ្មួញលួចនាំសត្វមាន់រស់និងសត្វព្រាបរាប់ពាន់ក្បាលមកពីប្រទេសវៀតណាមឆ្លងដែនចូលមកតាមច្រករបៀងក្រសាំងជ្រំស្រុកស្វាយជ្រំឆ្ពោះទៅរាជធានីភ្នំពេញ ត្រូវក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនាយកដ្ឋានសុខភាពសត្វតាមប្រមាញ់ស្ទាក់ចាប់បានដល់ជ្រោយអំពឹល រាជធានីភ្នំពេញ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង១និង៥៥នាទីទៀបភ្លឺថ្ងៃទី១៧ឧសភា២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ១ត្រង់ចំណុចភូមិជ្រោយអំពឹលសង្កាត់ក្បាលកោះខណ្ឌ័ច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមលោក ហ៊ុន សារ៉ាត់ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វអគ្គនាយកដ្ឋានសុខភាពសត្វ នៃក្រសួងកសិកម្ម បានឲ្យដឹងថា ក្រុមការងារបានចុះស្ទាក់រថយន្ត១គ្រឿងម៉ាកហ៊ីយិនដាយ ពណ៌ស ប្រភេទដឹកទំនិញចំណុះ១តោន ពាក់ស្លាកលេខ កំពត3A-0086 រកឃើញ ដឹកសត្វមាន់សំឡីរស់ចំនួន១,៤០០ក្បាលនិងសត្វព្រាបរស់ចំនួន១០០ក្បាល។

ដោយធ្វើការនាំចូលពីប្រទេសវៀតណាម ឆ្លងដែនចូលមកតាមច្រករបៀងក្រសាំងជ្រំនៃប៉ុស្ត៍នគបាលវរៈការពារព្រំដែនក្រួស ឃុំក្រួសស្រុកស្វាយជ្រំខេត្តស្វាយរៀង ឆ្ពោះទៅលក់នៅរាជធានីភ្នំពេញ(នេះគឺតាមការឆ្លើយបញ្ជាក់ពីម្ចាស់សត្វមាន់) ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរនិងពិនិត្យ គឺគ្មានឯកសារឬលិខិតអនុញ្ញាតិអ្វីទាំងអស់។

លោក ហ៊ុន សារ៉ាត់ បន្តទៀតថា ក្រោយមកក្រុមការងារបានឃាត់រថយន្តនាំយកបទល្មើស និងវត្ថុតាងទាំងនោះ ទៅរក្សាទុកនៅកន្លែងធ្វើចត្តាឡីសក័សត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដើម្បីចាត់ការតាមនីត់វិធី៕