សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអំពាវនាវឱ្យបញ្ឈប់យកប្រធានបទ CO មកធ្វើជាមាតិកាកំប្លែង
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចេញសេចក្តីសេចក្តីអំពាវនាវស្តីពីការយកប្រធានបទមន្ត្រីឥណទាន (CO) មកធ្វើជាមាតិកាកំប្លែង បន្ទាបតម្លៃបុគ្គលិកមន្រ្តីឥណទាន។
សេចក្តីអំពាវនាវចេញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោយមានការសម្តែងមួយចំនួនកន្លងមក គឺប្រាស់ចាកពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលិកនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបញ្ជាក់ថា សង្កេតឃើញជាញឹកញាប់នូវការផ្សព្វផ្សាយដោយយក ប្រធានបទមន្ត្រីឥណទាន ឬ Co (Credit Officer) និងប្រធានបទពាក់ព័ន្ធនឹងវិស័យធនាគារ និង ហិរញ្ញវត្ថុ ធ្វើជាកម្មវត្ថុនៃវីដេអូកំប្លុកកំប្លែង ជារូបភាពបន្ទុះបង្អាប់ ប្រាសចាកពីការពិត នៅតាមបណ្តាញ ផ្សព្វផ្សាយមួយចំនួន ជាពិរសសបណ្តាញទំនាក់ទំនងសង្គម។
ក្នុ្ងងសេចក្តីអំពាវនាវបានឱ្យដឹងទៀតថា ការសម្តែងទាំងនោះត្រូវបានយកទៅ កាត់តខ្លីៗនិងចែករំលែកបន្តគ្នាដែលធ្វើឱ្យមានការយល់ច្រលំថាជារឿងពិត។ សមាគមសម្ដែងការសោកស្តាយ និងមានការព្រួយបារម្ភចំពោះការ ផ្សព្វផ្សាយប្រាសចាកពីការពិតទាំងនោះ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាគូសបញ្ជាក់ថា វិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូហិរញ្ញវត្ថុមិនអាច ខ្វះបានសម្រាប់ប្រជាជនកម្ពុជា ហើយការបំផុសនូវមាតិកាដោយខ្វះការយល់ដឹងពីវិស័យ ហួសពីការពិត នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណៈជន ព្រមទាំងអាចជាការជំរុញឱ្យប្រជាពលរដ្ឋងាកទៅប្រើ ប្រាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងគ្មានយន្តការការពារអតិថិជន។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបញ្ជាក់ថា៖ «សូមម្ចាស់បណ្ដាញសង្គម និងអ្នកផលិតមាតិកាសង្គម មេត្តាជៀសវាង ការបង្ហោះ ឬចែកចាយនូវការសម្តែង ឬរឿងមិនពិត ដែលអាចបង្កជារូបភាពអវិជ្ជមានដល់វិស័យ ហិរញ្ញវត្ថុ។ សមាគមពិតជាជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងម្ចាស់បណ្ដាញសង្គម នឹងចូលរួមជាមួយសមាគមក្នុងការពង្រឹងវិស័យដ៏សំខាន់មួយនេះ»៕