សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់នាំយកអំណោយចែកដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត១០គ្រួសារ និងសិស្សានុសិស្ស១០០នាក់

ខេត្តសៀមរាប៖ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បាននាំយកអំណោយចែកដល់គ្រួសារចាស់ជរា មានជំងឺប្រចាំកាយ និងមានជីវភាពខ្វះខាត  ចំនួន១០គ្រួសារ និងសិស្សានុសិស្សចំនួន១០០នាក់ ស្ថិតក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលថវិកាទាំងនេះបានការឧបត្ថម្ភពីសប្បុរសជន និងក្រុមការងារ។

ការចុះចែកអំណោយនេះក្រោមដឹកនាំដោយលោក វ៉ន ស៊ីដែន ប្រធានផ្នែកបដិសណ្ឋារកិច្ច លោក អៀង រដ្ឋា ប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងសមាជិក (ច.យ.ក.១៥៧ ស្រុកក្រឡាញ់ ដោយមានការចាត់តាំងពីលោក ថាញ់ រ៉ូ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)សាខាខេត្តសៀមរាប ព្រមទាំងមានការនិមន្តចូលរួមពីព្រះសង្ឃ លោក ចក់ សួន ក្រុមប្រឹក្សាឃុំ លោកមេភូមិទន្លាប់ លោកមេភូមិមានជ័យ លោកមេភូមិរវៀង ប្រជាការពារភូមិផងដែរ។

គ្រួសារដែលមានជីវភាពខ្វះខាតរួមមាន៖ ភូមិទន្លាប់ព្រះអណ្តូងចំនួន៣គ្រួសារ, ភូមិមានជ័យចំនួន៣គ្រួសារ, ភូមិរវៀងចំនួន៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា២០,០០០រៀល, អង្ករ២០គីឡូ, អំបិល១គីឡូ, ប៊ីចេងកន្លះគីឡូ, ទឹកសុីអុីវ១ដប, ទឹកត្រី១ដប, ទឹកសុទ្ធ២យួរ។

ដោយឡែក សិស្សានុសិស្សចំនួន១០០នាក់ នៅសាលារៀនទន្លាប់ម្នាក់ៗទទួលបានត្រីខ២កំប៉ុង, មី      ២កញ្ចប់, ទឹកក្រូច១ដប សរុបថវិកាចំនួន ១,៦៧៥,០០០រៀល (មួយលានហុកសិបប្រាំពីរម៉ឺនប្រាំពាន់រៀលគត់)៕