អតីតអ្នកតំណាងរាស្ត្របក្សភ្លើងទៀន លោក កែត ឃី ថា បក្សប្រឆាំងគ្មានសណ្ដាប់ធ្នាប់ អសមត្ថភាព និងមិនចុះសម្រុងគ្នា

ភ្នំពេញ៖ អតីតអ្នកតំណាងរាស្ត្របក្សភ្លើងទៀនលោក កែត ឃី បានស្នើសុំចូលរួមជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា ដោយលើកឡើងដោយសារតែការដឹកនាំផ្ទៃក្នុងបក្សភ្លើងទៀនគ្មានសណ្ឋាប់ធ្នាប់ អសមត្ថភាព និងមិនចុះសម្រុងគ្នា។

ក្នុងលិខិតគោរពជូននាយករដ្ឋមន្ត្រីនិងជាប្រធានបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ លោក កែត ឃី បានលើកឡើងថាកន្លងមកលោកបានតាមដាននូវគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជន ដែលបានផ្ដល់នូវភាពរីកចម្រើន សន្ដិភាព និងឯករាជ្យពេញបរិបូរណ៍ដល់កម្ពុជាដែលធ្វើឱ្យលោកមានជំនឿលើការដឹកនាំរបស់សម្ដេចតេជោនៅថ្ងៃនេះនឹងអនាគត។

ងាកទៅគណបក្សភ្លើងទៀន លោក កែត ឃី ដែលទើបដាក់លិខិតលាឈប់ថ្ងៃទី១៩ ខែឧសភានេះបានលើកឡើងថា គណបក្សនេះគណបក្សនេះមានភាពរញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់ អសមត្ថភាព មិនចុះសម្រុងគ្នា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានបក្សប្រជាជនកម្ពុជា នៅល្ងាចនេះក៏បានប្រកាសស្វាគមន៍លោក កែត ឃី ផងដែរ។

សម្ដេចបានសរសេរនៅ Channel Telegram របស់សម្ដេចថា៖ «សូមស្វាគមន៍ឯកឧត្តម កើត ឃី អតីតអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនិងជាមេធាវីដែលបានសូមមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។

សូមជម្រាបថា មួយរយៈចុងក្រោយនេះចលនានៃការសុំចុះចូលជាមួយបក្សប្រជាជនមានកាន់តែច្រើនពីសមាជិកក្រុមប្រឆាំងដោយពួកគេថា បានអស់ជំនឿនិងថ្នាក់ដឹកនាំរបស់គណបក្សខ្លួន៕