UN៖ មនុស្សមួយពាន់លាននាក់ រងការគំរាមកំហែងដោយជំងឺអាសន្នរោគ
ហ្សឺណែវ៖ អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃសុក្រថា មនុស្ស១ពាន់លាននាក់នៅក្នុងប្រទេសចំនួន៤៣ កំពុងប្រឈមហានិភ័យកើតជំងឺអាសន្នរោគដែលជា «ជំងឺរាតត្បាតសម្លាប់អ្នកក្រីក្រ» ទោះបីជាការការពារនិងការព្យាបាលមានលក្ខណៈសាមញ្ញក៏ដោយ។
លោក Henry Gray នាយកទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ សម្រាប់ការឆ្លើយតបនឹងជំងឺអាសន្នរោគសកលបាននិយាយថា «អង្គការសុខភាពពិភពលោកប៉ាន់ស្មានថា មនុស្ស ១ពាន់លាននាក់នៅក្នុងប្រទេសចំនួ៤៣ មានហានិភ័យជំងឺអាសន្នរោគ»។ លោកបានញ្ជាក់ថា រហូតមកដល់ពេលនេះ មានប្រទេសចំនួន២៤ បានរាយការណ៍ពីការផ្ទុះជំងឺអាសន្នរោគ ធៀបនឹង១៥ប្រទេសកាលពីពាក់កណ្តាលខែឧសភាឆ្នាំមុន។
លោក Gray បានស្តីបន្ទោសរឿងនេះ ទៅលើការកើនឡើងនៃភាពក្រីក្រ ជម្លោះ និងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ទីលំនៅដែលធ្វើឲ្យពួកគេចាកចេញពីប្រភពអាហារ និងទឹកដែលមានសុវត្ថិភាពជាងមុន និងដោយគ្មានជំនួយផ្នែកវេជ្ជសាស្ត្រ។
លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា «ជាមួយនឹងការកើនឡើងនៃចំនួនប្រទេសដែលរងផលប៉ះពាល់ដោយជំងឺអាសន្នរោគ ធនធានដែលមានសម្រាប់ការបង្ការ និងការឆ្លើយតបគឺកាន់តែរីងស្ងួត»។
ជំងឺអាសន្នរោគត្រូវបានបង្កឡើងដោយបាក់តេរី ដែលជាទូទៅឆ្លងតាមរយៈអាហារ ឬទឹកដែលមានមេរោគ៕