លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យល្បឿនលឿនទៅទទួលយកបុរសម្នាក់នៅក្រុងកោះរ៉ុងយកមកង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន ទៅទទួលយកបុរសមួយរូប ដែលមានអាការៈឈឺ ទឹកនោមផ្អែម និង លើសឈាម ស្ថានភាពកំរើកមិនរួច ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។
លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ថាច់ សាមន្ដ ភេទប្រុស អាយុ៥៩ឆ្នាំ អតីតជានាយរងប៉ុស្តិ៍នគរបាលកោះរ៉ុងសន្លឹម បច្ចុប្បន្ន ជាអនុភូមិកោះរ៉ុងសន្លឹម រស់នៅ ភូមិកោះរ៉ុងសន្លឹម (សារ៉ាសាន់បេ) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។បុរសរងគ្រោះ ត្រូវបានលោកឧកញ៉ា រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់លោកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។
លោកឧកញ៉ាបានឲ្យដឹងបន្តទៀតថា នៅពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះដែរ ប៉ុន្តែគួរឲ្យសោកស្តាយ បុរសរងគ្រោះដោយស្ថានភាពធ្ងន់ធ្ងរពេក ក៏ទទួលមរណភាពទៅ។
ក្រុមគ្រូពេទ្យ បានប្រឹងប្រែងអស់ពីលទ្ធភាពហើយ នៅមិនអាចជួយជីវិតជនរងគ្រោះបានឡើយ លោកឧកញ៉ា ទៀ វិចិត្រសោកស្តាយចំពោះអ្នកជំងឺមួយរូប ដែលបានទទួលមរណភាពទៅហើយ បើទោះបីជាក្រុមការងាររបស់លោកឧកញ៉ា ខិតខំដឹកជញ្ជូនយកមកជួយសង្គ្រោះនៅមន្ទីរពេទ្យយ៉ាងណាក៏ដោយហើយលោកឧកញ៉ាក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារនៃសពផងដែរ៕ ដោយ៖ ទឹង សុភាព