ឪពុកម្តាយក្មេងស្រី២នាក់លង់ទឹកស្លាប់ពេលចុះរាវខ្ចៅ បានទទួលអំណោយសប្បុរសធម៌ពី (ស.ស.ប.ស) ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ឪពុកម្តាយក្មេងស្រី២នាក់ដែលលង់ទឹកស្លាប់ពេលចុះរាវខ្ចៅនៅក្នុងទឹកទន្លេ បានទទួលអំណោយសប្បុរសធម៌ពីសមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព(ស.ស.ប.ស)ខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ដោយសពក្មេងស្រីទាំងពីតម្កល់ទុកនៅវត្តវេឡុបវ័ន្ត ស្ថិតក្នុងភូមិស្រែឬស្សី ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ក្នុងសកម្មភាពដឹកនាំក្រុមការងារសមាគម ចូលរួមរំលែកទុក្ខដល់ឪពុកម្តាយសពក្មេងស្រីទាំង២ លោក ផឹក វិទ្យាវី ប្រធាន ស.ស.ប.ស ខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថាៈក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីបានបើកឱកាសដ៏ទូលាយដល់សមាគមក៏ដូចជាសប្បុរសជននានា បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយដល់សង្គមជាតិគ្រាដែលមានបងប្អូនប្រជាពលរដ្ឋជួបទុក្ខលំបាកនិងកង្វល់ផ្សេងៗ ។

លោកប្រធានបន្តថា សមាគមបានគៀងគរសប្បុរសជនរួមនិងការបរិច្ចាគថវិការបស់សមាគម និងថវិកាផ្ទាល់របស់លោក ឃូ សេងហៀង ប្រធានកិត្តិយសក្នុងសមាគម ក៏ដូចជាសមាជិកទាំងអស់ចូលរួមរំលែកទុក្ខ តាមរយៈអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគមួយចំនួន រួមនិងថវិកា១លាន៥០ម៉ឺនរៀលផងដែរដល់ក្រុមគ្រួសារនៃសព ។

គួររំលឹកថា កាលពីរសៀលវេលាម៉ោង១ និង១៧នាទី ក្នុងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្មេងស្រី២នាក់បងប្អូនបាននាំគ្នាចុះរាវរកខ្ចៅក្នុងទឹកទន្លេមេគង្គដើម្បីយកឲ្យម្តាយធ្វើម្ហូប តែជាអកុសលក៏ត្រូវបានលង់ទឹកស្លាប់ទាំង២នាក់បងប្អូនយ៉ាងអណោចអធ័ម ត្រង់ចំណុចកែងកក ស្ថិតក្នុងភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

សូមបញ្ជាក់ថា ក្មេងស្រីដែលលង់ទឹកស្លាប់ទាំង២នាក់បងប្អូនខាងលើនេះឈ្មោះ សុត ផានេត អាយុ១២ឆ្នាំត្រូវជាបង និងម្នាក់ទៀតឈ្មោះ សុត ផានឿន អាយុ៦ឆ្នាំ ។ចំណែកឪពុកសពក្មេងស្រីឈ្មោះ ឃុត អឿន អាយុ៤២ឆ្នាំនិងម្តាយឈ្មោះ អ៑ំ អៀង អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។សព្វថ្ងៃមកស៊ីឈ្នួលដកដំឡូងឲ្យគេនៅភូមិវាលខ្សាច់ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

បច្ចុប្បន្នសពក្មេងស្រីទាំង២នាក់បងប្អូន បានតម្កល់និងបូជានៅវេលាម៉ោង៩យប់ ក្នុងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នេះនៅវត្តវេឡុបវ័ន្ត ស្ថិតក្នុងភូមិស្រែឬស្សី ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង៕