អភិបាលខេត្តក្រចេះ អញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តបទុមចារបឹងរៃ នៅស្រុកព្រែកប្រសព្វ

ខេត្តក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ រួមជាមួយមន្រ្តីរាជការជុំវិញខេត្ត-ស្រុក សិស្សានុសិស្ស និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញកាត់ខ្សែបូរសម្ពោធឆ្លងនូវសមិទ្ធផលនានា ក្នុងវត្តបទុមចារបឹងរៃ ស្ថិតក្នុងឃុំឬស្សីកែវ ស្រុកព្រែប្រសព្វ ខេត្តក្រចេះ។

សមិទ្ធផលទាំងនោះរួមមាន៖ ដងទង់ របង ខ្លោងទ្វារ ចេតិយ គំនូរព្រះវិហារ និងសមិទ្ធផលនានាមួយចំនួនបន្ថែមទៀត ដែលសរុបថវិកាអស់ចំនួន ៥០៧,៥៨០ដុល្លារ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន បានថ្លែងថា រាល់សមិទ្ធផលដែលកើតមានឡើងទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ នៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក នៅក្នុងខេត្តក្រចេះ គឺបន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព ក្រោមនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូជានិច្ច ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស មិនថាអ្នករស់នៅទីក្រុង ឬជនបទនោះឡើយ គឺឲ្យតែមានការលំបាកសម្តេច និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែគិតគូដោះស្រាយជានិច្ច។

ឯកឧត្តមបន្ដថា មកទល់បច្ចុប្បន្ននេះ សេដ្ឋកិច្ចប្រជាជនមានការរីកចម្រើនធូធារ និងមានឱកាសបានចូលរួមបានចំណែកជួយកសាង និងអភិឌ្ឍន៍នូវហេរដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់ជាតិ ជាមួយរាជរដ្ឋាភិបាលឡើងវិញ ជាពិសេសវិស័យពុទ្ធចក្រនេះ ឃើញថា មានការកសាងរីកដុះដាលទៅដល់គ្រប់ទីជនបទ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា យើងពិតជាសប្បាយរីករាយណាស់ ចំពោះសមិទ្ធផលទាំងឡាយ ដែលកើតមានឡើងនៅក្នុងវត្តឃុំឬស្សីកែវនេះ ព្រោះបានមកពីទឹកចិត្តបរិសុទ្ធជ្រះថ្លា ដែលជាកុសល និងការជឿជាក់ ចំពោះព្រះពុទ្ធសាសនា និងបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ពុទ្ធសាសនិក សូមឲ្យចូលរួមថែរក្សាទុកសមិទ្ធផលទាំងអស់នោះ ជាគុណប្រយោជន៍ និងសម្បត្តិរួមរបស់យើងទាំងអស់គ្នា ត្រូវចេះថែរក្សា ការពារមរកតរបស់ជាតិដែលកំពុងតែមាន រួមនិងបន្តកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀតឲ្យមាននៅក្នុងមូលដ្ឋាន។ បន្ថែមពីនោះ ត្រូវចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុខសុវត្ថិភាពឲ្យបានទាំងអស់គ្នា និងគោរពដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន ក៏បានចូលរួមបច្ច័យបុណ្យ ចំនួន៣លានរៀល សម្រាប់កសាងទីវត្តអារាមផងដែរ៕ ដោយ៖ ស៊ាន ច័ន្ទដា