សម្ដេចតេជោ ហ៊ុន សែន៖ ចិននាំវត្ថុធាតុដើមចូលមកកម្ពុជា ដើម្បីបង្កើតការងារពលរដ្ឋរាប់លាននាក់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា អ្វីដែលមិត្តចិននាំយកវត្ថុធាតុដើមចូលមកប្រទេសកម្ពុជា ដើម្បីបង្កើតការងារដល់ពលរដ្ឋខ្មែររាប់លាននាក់ ហើយក៏បាននាំចេញទៅទីផ្សារក្រៅប្រទេសផងដែរ។

ក្នុងងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ បានរំលឹកថា នាពេលកន្លងទៅ សម្ដេចស្នើទូតចិនប្រចាំកម្ពុជា បញ្ជូនវត្ថុធាតុដើមសម្រាប់បណ្ដារោងចក្រនៅកម្ពុជា។

សម្ដេចគូសបញ្ជាក់ថា «ដូច្នេះគេអាចយល់ថា ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងចិន មិនមានតុល្យភាពទេ គឺកម្ពុជា នាំចេញទៅចិនតិចជាង រីឯចិននាំចូលកម្ពុជាច្រើនជាង។ តែមិនត្រូវភ្លេចថា អ្វីដែលចិននាំចូលកម្ពុជានោះ គឺផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីបង្កើតការងារធ្វើរាប់លាននាក់ ហើយបញ្ចេញទៅទីផ្សារខាងក្រៅ ទៅប្រទេសជាច្រើន នៅខាងក្រៅ ដើម្បីផ្គត់ផ្គង់ទីផ្សារនៃប្រទេសខាងក្រៅ ប្រាក់ចំណូលបានទទួលដល់កម្ពុជា»។

សម្ដេចបន្ដថា ប្រសិនបើចិនមិនលក់វត្ថុធាតុដើមមកកម្ពុជានោះទេ ការខិតខំដើម្បីបង្កើតរោងចក្រនៅកម្ពុជា គឺអត់មានន័យដែរ៕