សម្តេចតេជោ៖ មានសន្តិភាព និងការអភិវឌ្ឍ ទើបយើងមានឱកាសទទួលបានការងារធ្វើ
ខេត្តព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា មានសន្តិភាព និងការអភិវឌ្ឍ ទើបយើងមានការងារធ្វើ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាង ២ម៉ឺននាក់, ទស្សនាពិព័រណ៌សមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលជាសមិទ្ធផលកើតចេញនយោបាយ ឬគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមួយសន្តិភាព និងការអភិវឌ្ឍ ទើបយើងមានឱកាសទទួលបានការងារធ្វើ ដើម្បីចិញ្ចឹមជីវិតខ្លួននិងគ្រួសារ។ សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាល មានគោលនយោបាយជាក់លាក់ដើម្បីជួយដោះស្រាយទៅតាមដំណាក់កាល មិនមែនគោលនយោបាយបោកប្រាស់ដូចអ្នកដទៃនោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា មានអ្នកខ្លះ សន្យាបោកប្រាស់ ដោយសន្យាផ្តល់ប្រាក់ខែប៉ុណ្ណេះ ប្រាក់ខែប៉ុណ្ណោះជាដើម។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវវដល់បងប្អូនកម្មករ-កម្មការិនីបន្តចូលរួមការពារ សុខសន្តិភាពឲ្យខាងតែបាន ខណៈសន្តិភាពនេះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចថែរក្សាបាន ហើយមានតែគណបក្សប្រជាជនទេ ដែលការពារនូវឆ្នាំងបាយរបស់បងប្អូននោះ៕