នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong តេស្តវិជ្ជមានកូវីដ-១៩

សិង្ហបុរី៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បានប្រកាសថា លោកបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ បន្ទាប់ពីលោកបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកេនយ៉ា និងប្រទេសអាហ្វ្រិកខាងត្បូងកាលពីពេលថ្មីៗ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នៅព្រឹកថ្ងៃទី២២ ខែឧសភានេះបានឱ្យដឹងថា «ខ្ញុំបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ លើកដំបូងបង្អស់នៅព្រឹកនេះ។ (តេស្តវិជ្ជមាន) នេះបន្ទាប់ពីខ្ញុំបានបំពេញដំណើរទស្សនកិច្ចការងារប៉ុន្មានថ្ងៃចុងក្រោយ។ មែនទែនទៅ ខ្ញុំមានអារម្មណ៍ថាធម្មតា ប៉ុន្តែវេជ្ជបណ្ឌិតរបស់ខ្ញុំបានណែនាំឱ្យខ្ញុំដាក់ខ្លួននៅដាច់ដោយឡែកសិន​ រហូតដល់ខ្ញុំលែងមានអាការៈ ឬរោគសញ្ញា(កូវីដ-១៩)»។

នាយករដ្ឋមន្ត្រីសិង្ហបុរីរូបនេះបានបន្ថែមថា វេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាឱ្យលោកនូវថ្នាំប្រឆាំងវីរុស Paxlovid ដោយសារតែលោកមានវ័យចំណាស់ ហើយលោកក៏បានបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងដូសជំរុញចុងក្រោយបង្អស់របស់លោកធ្វើឡើងតាំងពីខែវិច្ឆិកាមកម្ល៉េះ។ គួរឱ្យដឹងថា បច្ចុប្បន្ននេះលោកនាយករដ្ឋមន្រ្តី Lee Hsien Loong មានវ័យ ៧១ឆ្នាំហើយ។

សូមជម្រាបថា លោក Lee Hsien Loong ទើបតែបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួនពីរនៅទ្វីបអាហ្វ្រិក ពោលគឺលោកបានធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានី Cape Town ប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា និងបន្តដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានី Nairobi ប្រទេសកេនយ៉ា នៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែឧសភា៕