ឯកឧត្តម ហ៊ុន ម៉ានី៖ យើងត្រូវផ្តល់លទ្ធភាពគ្រប់បែបយ៉ាងដល់អត្តពលិកជនមានពិការភាព ដើម្បីសម្រេចនូវជ័យជម្នះក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាភិបាលគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហោះសារលើទំព័រផ្លូវការរបស់ខ្លួន ដែលបង្ហាញពីភាពជា ម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជាដែលនឹងប្រព្រឹត្តទៅនាពេលដ៍ខ្លីខាងមុខ។
ឯកឧត្តមបានបញ្ជាក់ថា ការដណ្តើមបានភាពជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពេលនេះ ជារឿងចាំបាច់ ដែលត្រូវធ្វើដើម្បីបង្ហាញពីការគាំទ្រ ដល់បំណងដ៏ពិសិដ្ឋរបស់ពួកគាត់ បន្ថែមពីលើគោលនយោបាយ និងសកម្មភាពគាំទ្រនានាដល់ជន ដែលមានពិការភាព ដែលរាជរដ្ឋាភិបាលបានអនុវត្តនាពេលកន្លងមក។
ឯកឧត្តមថា៖ «ខណៈដែលពួកគាត់ មិនចង់ធ្វើខ្លួនឲ្យក្លាយជាបន្ទុករបស់សង្គម យើងត្រូវផ្តល់លទ្ធភាពគ្រប់បែបយ៉ាងដល់ពួកគាត់ដើម្បីសម្រេចនូវបំណងដ៏ពិសិដ្ឋនោះ»។
ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ទាំងអស់គ្នា ត្រូវរួមគ្នាគាំទ្រភាពជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា។
សូមជម្រាបថា កម្ពុជានឹងត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការចូលរួមពីបណ្តាប្រទេសដូចជា ប្រទេសប្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ទីម័រ និងប្រទេសកម្ពុជា ដែលមានកីឡាករ កីឡាការិនី ចូលរួមសរុប ១ ៤២៣នាក់ លើប្រភេទកីឡាចំនួន១៤ ត្រូវនឹង ១៦០វិញ្ញាសា ហើយក្នុងនោះមានកីឡាករកីឡាការិនីកម្ពុជាចំនួន ៣១៧នាក់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតដណ្តើមមេដាយជូនជាតិមាតុភូមិផងដែរ៕